ដំណឹងល្អ ប្រទេសជប៉ុនសន្យាសាងសង់រថភ្លើងក្នុងក្រុងភ្នំពេញជួយសម្រួលដល់ការធ្វើចរាចរ


(ភ្នំពេញ) ៖ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧ លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក អិវ៉ាអុ ហូរីអិ (Iwao HORII ) អនុរដ្ឋមន្រ្ដីការបរទេសជប៉ុន។

យោងតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនោះ អនុរដ្ឋមន្រ្ដីការបរទេសជប៉ុនបានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថា កម្ពុជា-ជប៉ុន នឹងនៅតែបន្តកិច្ចសហការគ្នាជាដៃគូរទាំងនៅក្នុងតំបន់ និងនៅលើឆាក អន្តរជាតិ ។ក្រៅពីគម្រោងដែលរដ្ឋាភិបាលជប៉ុននឹងបើកការិយាល័យកុងស៊ុលមួយទៀតនៅខេត្តសៀមរាប អនុរដ្ឋមន្រ្ដីការបរទេសជប៉ុនបានសន្យាថា រដ្ឋាភិបាលជប៉ុននឹងជួយកែលម្អរចរាចរណ៌នៅក្រុងភ្នំពេញ ដោយជប៉ុនបាននឹងកំពុងសិក្សាគម្រោងសាងសង់រថភ្លើងបឋមនៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលការកកស្ទះចរាចរនាពេលខាងមុខ រួមទាំងជំនួយជាបន្តបន្ទាប់ទៀតដើម្បីអភិវឌ្ឍលើវិស័យជាច្រើនដល់កម្ពុជា។

ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងជាដៃគូរយុទ្ធសាស្ត្រគ្រប់វិស័យ ដែលបានធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍន៏សេដ្ឋកិច្ចយ៉ាងលឿន ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណង និងឥណទានអភិវឌ្ឍន៍កម្ពុជា ជាពិសេសនាពេលបច្ចប្បន្ន ក្រុមហ៊ុនជប៉ុនជាច្រើនបានចូលមកបណ្តាក់ទុននៅកម្ពុជា លើវិស័យសំខាន់ៗដែលមានទំហំទឹកប្រាក់៨០០លានដុល្លាក្នុងឆ្នាំ២០១៦ ជាពិសេសជើងហោះហើរត្រង់ពទៅនិងមករវាងជប៉ុននិងកម្ពុជា ។