សម្តេចតេជោ ហ៊ុន សែន ប្រកាសការពារអធិបតេយ្យភាពកម្ពុជា ដោយមិនខ្លាច ទណ្ឌកម្មពី បរទេស


(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អធិបតេយ្យភាពកម្ពុជា គឺជាអាទិភាព​ ដែលត្រូវតែការពារឲ្យបានទោះតម្លៃណាក៏ដោយ បើទោះបីជាមានការគំរាមដាក់ទណ្ឌកម្មពីបរទេសក៏ដោយនោះ។ សម្តេចតេជោ ថ្លែងបញ្ជាក់ដូច្នេះនៅក្នុងកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ថា «សម្តេចតេជោ គ្មានទ្រព្យសម្បត្តិណាទុកនៅក្រៅប្រទេសទេ គឺមានតែថវិកាកសាងសាលារៀន កសាងជាតិតែប៉ុណ្ណោះ។ ការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកមិនប៉ះពាល់ដល់អារម្មណ៏របស់សម្តេចនោះទេ សម្តេចគ្មានពេលធ្វើដំណើរទៅសហរដ្ឋអាមេរិកទាល់តែសោះ ក៏ប៉ុន្តែមន្ត្រីណាមួយប៉ះពាល់ជារឿងដាច់ដោយឡែកតែប៉ុណ្ណោះ»

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា គ្មានអ្វីអាចបង្វែរទិសដៅ នៃការបេ្តជ្ញាការពារ កម្ពុជា មិនអោយវិលត្រលប់ទៅកាន់អតីតកាល នៃសោកដនាកម្មកម្ពុជា ដែលបំផ្លាញដោយបរទេសនោះទេ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនាវាកម្ពុជា ក៏បានបង្ហាញជំហររឹងមាំក្នុងកិច្ចការការពារ និងថែរក្សា សន្តិភាព សន្តិសុខជាតិ និងវិបុលភាព សម្រាប់ប្រជាជាតិខ្មែរទាំងអស់ ទោះជាតម្លៃណាក៏ដោយ គឺមិនអនុញ្ញាតឲ្យកម្ពុជាវិលត្រឡប់ទៅកាន់សភាពការអាក្រក់ដូចឆ្នាំ១៩៧០ ដែលបំផ្លាញអនាគតកម្ពុជាជាច្រើនទសវត្សរ៍នោះឡើយ៕