ខេត្តកណ្តាល ៖រសៀលថ្ងៃទី២៧ ខែតុលា នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់តំណែង អភិបាល-អភិបាលរង នៃគណៈអភិបាលស្រុកល្វាឯម ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្តរង, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, នាយក/នាយិកាទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក មេឃុំគ្រប់ឃុំ(ទាំង១៥) និងមន្ត្រីរាជការជុំវិញស្រុក សរុបវត្តមាន ៣៥០នាក់។
សូមបញ្ជាក់ថា លោក ភឹម ភីរ៉ា អភិបាលរងស្រុកល្វាឯម ត្រូវបានទទួលការតែងតាំងជាអភិបាលស្រុកល្វាឯម ជំនួសលោក គង់ សោភ័ណ្ឌ ដែលត្រូវបានតែងតាំងជាអភិបាលខេត្តរង។ ព្រមជាមួយនេះ ក៏មានការប្រកាសចូលកាន់តំណែងអភិបាលរង ១រូបទៀត គឺលោក ចេង ឌីណា។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ភិរុណ បានផ្តាំផ្ញើដល់ លោកអភិបាល អភិបាលរងស្រុកថ្មី មានខ្លឹមសារ ដូចខាងក្រោម៖
*ត្រូវបន្តពង្រឹងនូវរបបប្រជុំ ឲ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យ តាមដាន និងធ្វើការដោះស្រាយបញ្ហាទាន់ពេលវេលា។
*បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋាន ឱ្យបាន កាន់តែប្រសើរឡើង ។
*បន្តទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ជាពិសេសគឺដីបឹង ហើយរាល់ការចេញលិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។
*បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវារដ្ឋបាល ដោយត្រូវប្រកាន់យកនូវគោលការណ៍បីជាសំខាន់គឺ ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ លើសពីនេះ ត្រូវខិតខំប្រមូលផ្តុំព័ត៌មានស្តីពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋតាមរយៈការរៀបចំធ្វើវេទិកា ការចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ល។
*បន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីឲ្យស្របទៅតាមការវិវត្តនៃសភាពការណ៍ប្រទេសជាតិ និងទំហំការងារ ព្រមទាំងត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់ជាតិ។
*ត្រូវធានាឲ្យបានការឯកភាព សាមគ្គីភាពផ្ទៃក្នុង ចៀសវាងដាច់ខាតនូវទំនាស់បី គឺទំនាស់ ផលប្រយោជន៍ ទំនាស់កិត្យានុភាព និងទំនាស់ពីការប្រើប្រាស់សិទ្ធិអំណាច មិនសមស្របតាមគោលការណ៍៕