នៅព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០១៧ នេះ អាជ្ញាធរខេត្តរតនគិរី បានរៀបចំពិធីបើកបវេសនាកាលឆ្នាំសិក្សាថ្មី២០១៧-២០១៨ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង២,០០០ នាក់ នៅក្នុងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្រុងបានលុង ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ។
ថ្លែងនៅក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសុទិដ្ឋិនិយម ចំពោះវិស័យអប់រំនៅក្នុងខេត្តរតនគិរី ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ទុកវិស័យអប់រំ គឺជាវិស័យអាទិភាពមុនគេបង្អស់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ។ ឯកឧត្តមសង្កត់ធ្ងន់ថា កម្ពុជាបានផ្តើមចេញពីបាតដៃទទេ ហើយក្នុងនោះរាជរដ្ឋាភិបាលបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបណ្តុះធនធានមនុស្សឲ្យមានការយល់ដឹងក្រោយពីសង្រ្គាមបានបញ្ចប់ ដូចជាតាមរយៈ ឲ្យអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ អ្នកមិនចេះ បង្រៀនអ្នកមិនចេះសោះ តែមកដល់បច្ចុប្បន្នយើងបានឆ្លងផុតដំណាក់កាលនេះ ហើយវិស័យអប់រំកំពុងតែមានការរីកចម្រើនជាបន្តបន្ទាប់ ។ តែមកដល់បច្ចុប្បន្នយើងបានឆ្លងផុតដំណាក់កាលនេះ ហើយវិស័យអប់រំកំពុងតែមានការរីកចម្រើនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានបង្ករឱកាសលើការផ្តល់សេវាអប់រំប្រកបដោយសមធម៌ ដោយមិនមានគិតអំពីនិន្នាការនយោបាយ សាសនា ឬប្រកាន់ជាតិសាសន៍ឡើយ ។ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ គ្រប់កម្រិតសិក្សា ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សានុសិស្សដោយមិនខ្លាចនឿយហត់ ទោះបីជាពេលខ្លះទទួលរងសម្ពាធពីមជ្ឈដ្ឋានខាងក្រៅយ៉ាងណាក៏ដោយ ។
សូមបញ្ជាក់ថា នៅក្នុងការបើកបវេសនកាលនេះផងដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានរៀបចំជាវត្ថុអនុស្សាវរីយ៍មួយចំនួនជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាពិសេសរៀបចំក្រុមជាងដើម្បីកាត់សក់ជូនសិស្សដោយឥតគិតថ្លៃផងដែរ ។