ពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីទនំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ រវាងរដ្ឋខេត្តសៀមរាប ជាមួយរដ្ឋបាលក្រុងឆេងដូ ខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិន


រសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល​​ខេត្តសៀមរាប និងឯកឧត្តម យូ វ៉េ ( Yu Wei ) អគ្គនាយកគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃសភាប្រជាជនក្រុងឆេងឌូ ខេត្តស៊ីឈួន បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីទនំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ រវាងរដ្ឋខេត្តសៀមរាប ជាមួយរដ្ឋបាលក្រុងឆេងដូ ។

ក្នុងនោះដែរ​អភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំ​ពោះ​​វត្តមានឯកឧត្តម យូ វ៉េ ( Yu Wei ) និងសមាជិកប្រតិភូទាំងអស់ ដែលបានអញ្ជើ​ញ​មកបំពេ​ញ​​ទស្សនកិច្ចមិត្តភាពនៅ ខេត្តសៀមរាបយើងខ្ញុំ ក្នុងគោលបំណងចុះហត្ថលេខាលើលិខិតផ្តួចផ្តើ​ម ស្តីពីការចងសម្ព័ន្ធមេត្រីភាព និងពង្រឹ​​ង ពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុងយើងទាំងពីរ ។

គួរបញ្ជាក់ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេ​ត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២១ ក្នុងនោះ ៖
ចុះអនុស្សរ​ណៈយោគយល់គ្នា ៥ ខេត្ត ក្រុង ៖ ខេត្តជាំងស៊ី ក្រុងវូហាន ក្រុងហាងចូវ ក្រុងជីណាន និងតំបន់ស្វយ័តក្វាងស៊ីឈួង នៃខេត្តក្វាងស៊ី ។
កិច្ចព្រមព្រៀង ២ ខេត្ត ៖ ខេត្តយូណាន់ ​​និងខេត្តគួយចូវ ។
លិខិតផ្តួចផ្តើម​ ១៤ ខេត្ត ក្រុង ៖ ក្រុងឆុងឈីង ក្រុងជីនហ័រ ក្រុងឈីងដាវ ក្រុងលីសួយ ក្រុងណានជីង ក្រុងសិនយ៉ាង ខេត្តសានស៊ី ខេត្តហឺណាន ខេត្តក្វាងទុង ខេត្តជឺជាំ​ង ខេត្តអានហួន ខេត្តហៃណាន ក្រុងតាលៀន និងក្រុងចាងជែជៀ ។

ហើយការចុះហត្ថលេខាជាមួយក្រុងឆេងដូ នៃខេត្តស៊ីឈួន នាពេលនេះ គឺខេត្ត ក្រុង ទី២២ ដែលខេត្តសៀមរាបបានបង្កើតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តការ ជាមួយខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ។

លើសពីពីនោះផងដែរ លោក អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជ​ន​ចិ​ន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជ​ន​កម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាប នាពេលកន្លងមក ហើយនៅតែបន្តគាំទ្រ​​ដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យមានការរីកចម្រើនជាបន្ត​បន្ទាប់៕