ភ្នំពេញ: ប្រជាពលរដ្ឋចំនួន ១៦ គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានព្រមទទួលដីសម្បទានសេដ្ឋកិច្ច ក្នុងតំបន់បឹងកក់ ដោយក្នុងមួយគ្រួសារបានដីទំហំ ៤x១៦ម៉ែត្រ។ ចំណែក៦គ្រួសារ ដែលនៅសេសសល់ មិនព្រមទទួលយកគោលនយោបាយរបស់សាលារាជធានី។
ក្នុងពិធីចាប់ឆ្នោតយកប័ណ្ណសម្គាល់ក្បាលដី នាសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី៩មេសានេះ លោកមាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា បន្ទាប់ពីចាប់ឆ្នោតយកប័ណ្ណសម្គាល់ក្បាលដីទាំង១៦គ្រួសាររួចមក សាលារាជធានីភ្នំពេញ នឹងចេញជាប្លង់កម្មសិទ្ធិស្របច្បាប់តែម្តងនៅពេលវេលាណាមួយដ៏សមគួរ បន្ទាប់ពីមានការយល់ព្រមអនុញ្ញាតពីលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ លោកបន្តថា ការចាប់ឆ្នោតប្រគល់ជូនដីនេះ បានធ្វើឡើងដោយរលូត មានតម្លាភាព ស្មើសិទ្ធិ ស្មើភាព ជាមួយនឹងការពេញចិត្តជាមួយនឹងដំណោះស្រាយរបស់សាលារាជធានី ដោយធ្វើពិធីចាប់ឆ្នោត ដើម្បីជ្រើសរើសយកទីតាំងដី របស់ប្រជាពលរដ្ឋម្នាក់ៗ ដោយខ្លួនឯងផ្ទាល់តែម្តង។
លោកនាយក រដ្ឋបាលសាលារាជធានីភ្នំពេញ មានប្រសាសន៍លើកឡើងថា នេះជាជំហានបន្តក្នុងការដំណោះស្រាយទំនាស់ដីធ្លីដ៏រាំរ៉ៃនេះ របស់សាលារាជធានី ទៅតាមការប្តេជ្ញាចិត្តរបស់លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ ដោយលោកអភិបាល បានប្តេជ្ញាថា នឹងបញ្ចប់រាល់បញ្ហាទំនាស់ដីធ្លីដែលរ៉ាំរ៉ៃឲ្យអស់។ លោកបន្តថា មកដល់ពេលនេះ ការដោះស្រាយបញ្ហាដីធ្លីពលរដ្ឋកំពុងរស់នៅតាមផ្លូវរថភ្លើងស្ថិតក្នុង តំបន់បឹងកក់ ជិតឈានដល់ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ ៦ គ្រួសារទៀតប៉ុណ្ណោះ ។ ចំពោះប្រជាពលរដ្ឋដែលនៅសេសសល់នេះ មិនមែនមានន័យថា សាលារាជធានីភ្នំពេញមិនដោះស្រាយនោះទេ គឺបានខិតខំដោះស្រាយណាស់ គ្រាន់តែមិនទាន់ឈានដល់ការស្រុះស្រួលគ្នាប៉ុណ្ណោះ ដោយខាងសាលារាជធានីភ្នំពេញ ប្រគល់ដីឲ្យពួកគាត់ក្នុងមួយគ្រួសារដីទំហំ៤x១៨ម៉ែត្រ ប៉ុន្តែខាងប្រជាពលរដ្ឋទាមទារដីក្នុងទំហំដែលពួកគាត់រស់នៅជាក់ស្តែង ពោលគឺដីរបស់ពួកគាត់កំពុងរស់នៅសព្វថ្ងៃទំហំប៉ុណ្ណា ត្រូវប្រគល់ដីសម្បទានសេដ្ឋកិច្ចក្នុងទំហំប៉ុណ្ណឹងដែរ។ លោកបានបន្ថែមថា បញ្ហានេះ សាលារាជធានី នឹងបន្តការដោះស្រាយជាជំហានទៀត ។
លោកបន្តថា “ជាចុងក្រោយ ពួកគាត់បានទទួលយកនីតិវិធីរបស់យើង ហើយបានបញ្ជាក់អំពីអត្តសញ្ញាណនៅថ្ងៃក្រោយ ដែលពួកគាត់មានសិទ្ធិ ក្នុងការកាន់កាប់ដីឡូត៍របស់គាត់ ទៅថ្ងៃមុខដោយស្របច្បាប់ មុនពេលដែលអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់”។
ក្នុងឱកាសនោះដែរ លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា នេះជាកាដូថ្មីមួយទៀត របស់សាលារាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋទាំង ១៦ គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ របស់យើងនេះ ក្រោមការផ្សះផ្សារកវិធីដោះស្រាយជាយូរឆ្នាំមកហើយ ហើយនៅសេសសល់ចំនួន ៦ គ្រួសារទៀត អាជ្ញាធរនឹងខិតខំដោះស្រាយដោយវិធីឈ្នះឈ្នះទាំងអស់គ្នា៕