ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពី “វិធានការទប់ស្កាត់ ការពារនៃជំងឺដែលអាចឆ្លងពីមនុស្សទៅសត្វនិងពីសត្វទៅមនុស្ស និងជំងឺឆ្លងសត្វនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច” ដែលបាននិងកំពុងសិក្សារៀបចំអនុវត្តក្នុងពេលអនាគត។
ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវការគាំទ្រចំពោះប្រធានបទថ្មីនេះ ព្រោះតាមរយៈគម្រោងនេះវាអាចធានាបាននូវគុណភាពនិងសុវត្ថិភាពសត្វ សាច់ និងផលិតផលដែលមានដើមកំណើតពីសត្វ ដើម្បីលើក កម្ពស់សុខភាពសាធារណៈជាពិសេសដើម្បីចាត់វិធានការទប់ស្កាត់ជំងឺឆ្លងសត្វនៅតាមច្រកព្រំដែនប្រទេសជិតខាង បង្កើន សមត្ថភាពគ្រប់គ្រងចលនាសត្វ។