ឯកឧត្តម ថោង ខុន៖ អបអរសាទរការចងសម្ព័ន្ធភាពរវាងខេត្តព្រះសីហនុ និងក្រុងឈិនទូ ប្រទេសចិន


(ភ្នំពេញ)៖ ខណៈលំហូរភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសទេសចរចិន មកទស្សនាកម្ពុជាកំពុងកើនឡើងជាលំដាប់ និងដោយសារមើលឃើញកម្ពុជាមានសន្តិភាពនោះ រដ្ឋបាលក្រុងឈិនទូ នៃខេត្តស៊ីឈាន់ ប្រទេសចិន គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពី ទីក្រុងសម្ព័ន្ធភាព (Sisters City) ជាមួយរដ្ឋបាលខេត្តព្រះសីហនុ នាពេលដ៏ខ្លីខាងមុខ។
ដំណឹងដ៏ពិសេសនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សា​ការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Yu Wei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទីក្រុងឈិនទូ និងជាប្រធានគណៈប្រតិភូទីក្រុងឈិនទូ នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រោយទទួលបានព័ត៌មានពីគម្រោងចុះអនុស្សរណៈខាងលើ ឯកឧត្តម ថោង ខុន បានបង្ហាញក្ដីរំពឹងថា កិច្ចសហប្រតិបត្តិការនេះ ជាការនាំទៅដល់ការសម្រេចគោលដៅ «កម្ពុជាទទួលបានទេសចរចិនចំនួន ២លាននាក់ នៅឆ្នាំ២០២០»។
ភាគីចិនបានបង្ហាញចំណាប់អារម្មណ៍ និងកោតសរសើរកម្ពុជា ចំពោះការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជារួម និងដោយឡែកសក្តានុពលទេសចរណ៍វប្បធម៌ប្រវត្តសាស្រ្ត និងសក្តានុពលទេសចរណ៍ធម្មជាតិ ប្រកបដោយភាពទាក់ទាញ ពិសេសអ្វីដែលកម្ពុជាខិតខំធ្វើសព្វថ្ងៃ ក្នុងការត្រៀមទទួលទេសចរចិននៅប៉ូលទេសចរណ៍ធំៗទាំង៤ ក៏ដូចជានៅតំបន់ឆ្នេរសមុទ្រ។
លោក Yu Wei បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចលើកទី១របស់លោក និងប្រតូភូ ក៏នឹងមានការចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់គ្នាស្តីពី ទីក្រុងសម្ព័ន្ធភាព (Sisters City) រវាងទីក្រុងឈិនទូ នៃខេត្តស៊ីឈាន់ ជាមួយខេត្តព្រះសីហនុផងដែរ។ គួរកត់សម្គាល់ថា កន្លងមក ទីក្រុងឈិនទូ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ទីក្រុងសម្ព័ន្ធភាព (Sisters City) ជាមួយរាជធានីភ្នំពេញផងដែរ។
ឯកឧត្តម ថោង ខុន បានលើកឡើងពីការគិតគូ​ធ្វើផែនការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រុងប្រយត្ននិងការទទួលខុសត្រូវនទាំងការអភិវឌ្ឍផលិតផលទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញ ព្រមជាមួយការបណ្តុះបណ្តាលទាំងភាសាចិន ដែលត្រូវធ្វើព្រមគ្នាគឺដើម្បីធានាអោយមសនការអភិវឌ្ឍន៏មួយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ជាមួយនឹងកំណើនប្រមាណ ១៥% នៃទេសចរអន្តរជាតិ (ជាង៥៥ម៉ឺននាក់) ទៅកាន់នៅតំបន់ឆ្នេរក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៧នេះ តាមការសិក្សារបស់ក្រសួងទេសចរណ៍ បច្ចុប្បន្ន នៅខេត្តព្រះសីហនុ នៅមានការខ្វះខាតជាសំខាន់ផលិតផល​ទេសចរណ៍ និងធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវទេសចរណ៍។
ឯកឧត្តម ថោង ខុន បានលើកឡើងថា ការអភិវឌ្ឍនៅខេត្តព្រះសីហនុ មាននៅភាពក្មេងខ្ចីនៅឡើយ ខណៈទេសចរកើនឡើងយ៉ាងឆាប់រហ័ស។
ក្រៅពីផលិតផលទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយភាពច្នៃប្រឌិត យើងក៏នៅខ្វះធនធានមនុស្សផងដែរ។ បច្ចុបន្នខេត្តទាំង៤នៅតំបន់ឆ្នេរ កំពុងខិតខំបណ្តុះបណ្តាលធនធានមនុស្សបន្ថែម ដើម្បីផ្គត់ផ្គង់ទៅគោលដៅទេសចរណ៍តំបន់ឆ្នេរ ពិសេសនៅខេត្តព្រះសីហនុ ដែលកំពុងសកម្មទទួលទេសចរជាតិ និងអន្តរជាតិ ពិសេសទេសចរចិនដ៏ច្រើន។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា បច្ចុបន្ន ក្រសួងទេសចរណ៍ បាននិងកំពុងជំរុញទាកទាញឲ្យមានបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពទាក់ទាញ និងការទទួលខុសត្រូវខ្ពស់ផ្នែកបរិស្ថាន នៅតំបន់សមុទ្រ ដើម្បីធានាធ្វើឲ្យមានការអភវិឌ្ឍប្រកប​ដោយនិរន្តរភាពមុនបង្អស់ គឺការបង្កើតឲ្យមាន​ផលិតផលទេសចរណ៍ថ្មីៗ ឆ្លើយនឹងតបទៅនឹងតម្រូវការទីផ្សារ។
ដោយមើលឃើញពីសក្តានុពលដ៏ធំរបស់ខេត្តស៊ីឈាន់ និងបទពិសោធន៍ក្នុងការរៀបចំផែនការគ្រប់គ្រងច្បាស់លាស់ នៅគ្រប់ខេត្តទាំងអស់នៅចិនជារួម និងដោយឡែកនៅខេត្តស៊ីឈាន់ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោក Yu Wei ក៏បានបង្ហាញគោលជំហរក្នុងការសហការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរទេសចរ និងទាក់ទាញវិនិយោគិនចិនពីខេត្តស៊ីឈាន់ មកវិនិយោគនៅក្នុងប៉ូលទេសចរណ៍ធំៗ នៅទីក្រុងភ្នំពេញ តំបន់សៀមរាប-អង្គរ និងតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសការហោះហើរត្រង់រវាងទីក្រុងឈិនទូ ខេត្តព្រះសីហនុ៕