ឯកឧត្តម សុខ ឥសានថា ការដោះស្រាយ​​បញ្ហា​ព្រំដែន ​មិនមែន​​ដើម្បី​​ប្រជាប្រិយ​ទេ​​


ឯកឧត្តម ​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់ថា កិច្ចការពារ​ឯករាជ្យ​ភាព អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី គឺជា​តួនាទី ភារកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​ ឯកឧត្តម បានបន្ត​ថា ការបោះបង្គោល​ខ័ណ្ឌសីមា​ព្រំដែន​ជាមួយ​ប្រទេសជិ​តខាង រួមមាន​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និងព្រះរាជាណាចក្រ​ថៃ គឺជា​ការបំពេញ ភារកិច្ច និង​កាតព្វកិច្ច ដើម្បី​បម្រើ​បុព្វហេតុ និង​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា ក្នុង​គោលបំណង​កសាង​ព្រំដែន​ជា​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​យូរអង្វែង និង​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យទៅជា​តំបន់​អភិវឌ្ឈន៍ កែប្រែ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន តែ​វា​មិនមែន ដើម្បី​ប្រជាប្រិយភាព​សម្រាប់​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។​

​ដូច្នេះ ការចោទប្រកាន់ថា ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​កម្ពុជា ជាពិសេស​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ឡាវ​កន្លងទៅ​ថ្មីៗ​នេះ គឺ​ដើម្បី​តែ​ប្រជាប្រិយភាព​សម្រាប់​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង រដ្ឋាភិបាល​កម្ពុជា គឺជា​ការមិន​ត្រឹមត្រូវ​ទាល់តែសោះ​។​