ឯកឧត្តម វេង សាខុន និងឯកអគ្គរដ្ខទូតសហភាពអ៊ឺរុប អញ្ជើញចុះពិនិត្យកសិដ្ឋានចំការឈើដាំអាកាស្យា និងកសិដ្ឋានបន្លែបែបទំនើប របស់ ក្រុមហ៊ុន CamAgra


នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តម ជច អេចហ្គា ឯកអគ្គរដ្ខទូតសហភាពអ៊ឺរុប និងមន្រ្តីក្រោមឱវាទក្រសួង បាន អញ្ជើញចុះពិនិត្យកសិដ្ឋានចំការឈើដាំអាកាស្យា និងកសិដ្ឋានបន្លែបែបទំនើប របស់ ក្រុមហ៊ុន CamAgra វិនិយោគដោយក្រុមហ៊ុនមកពីប្រទេសអ៊ីស្រាអែល ដែលមានទីតាំងស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ សូមបញ្ជាក់ថាក្រុមហ៊ុនបានវិនិយោគលើការដាំឈើអាកាស្យា ក្នុងសម្បទានដីសេដ្ឋកិច្ចចំនួនបីទីតាំង សរុប ៨០០០ហិកតា និងមានការកែច្នៃជាប្រភេទសន្លឹកវិនៀរ សម្រាប់ផ្គត់ផ្គង់ទៅរោងចក្រកែច្នៃជាក្រដាស ឈើសន្លឹក និងប្រភេទការ៉ូជាដើម។ លើសពីនេះក្រុមហ៊ុនក៏មានការបណ្តុះកូនឈើអាកាស្យាសម្រាប់ចែកចាយលើទីផ្សារផងដែរ ដោយមានលទ្ធភាពផលិតបានប្រមាណ ៤៥០ ០០០កូនក្នុងមួយខែ និងការដាំដុះបន្លែសុវត្ថិភាពដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ និងសន្សំសំចៃទឹក។ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ខទូត បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលក្រុមហ៊ុនសម្រេចបាន ជាមួយនឹងការគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារព្រៃឡើងវិញ និងកាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏បាននាំមកនូវបច្ចេកវិទ្យាទំនើបចុងក្រោយមកកម្ពុជា ដោយបានសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុងការបណ្តុះបណ្តាលនិស្សិតដែលកំពុងបំពេញការសិក្សា ស្រាវជ្រាវ និងទទួលយកនិស្សិតដែលបានបញ្ចប់ការសិក្សាអោយមកបម្រើការនៅកសិដ្ឋានផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីក៏សង្ឃឹមផងដែរថា ក្រុមហ៊ុននឹងសហការគាំទ្រដល់ការចែករំលែកនូវបច្ចេកទេស និងបច្ចេកវិទ្យាទាំងអស់នេះដល់សហគមន៏កសិកម្មរបស់យើងអោយបានកាន់តែទូលំទូលាយដើម្បីជំរុញដល់កំណើនជីវភាពកសិករ និងសេដ្ឋកិច្ចជាតិ។