ក្រសួងបរិស្ថានជូនដំណឹងស្ថានភាពទឹកសមុទ្ទកែប


Green See 11 04 16 2 copy

     ក្រ​សួង​បរិស្ថាន​បាន​ជូន​ដំណឹង​ស្ថាន​ភាព​ទឹក​សមុទ្ទ​នៃ​ក្រុង​កែប ក្រោយ​ការ​ស្នើ​ផ្អាក​ការ​ងូត​ទឹក​បណ្តោះ​អាសន្ន នៅ​ទី​នោះ​ ។ សេចក្តី​ប្រ​កាស​ព័ត៌​មាន​ក្រ​សួង​បរិស្ថាន​​បាន​បញ្ជាក់​ថា​ ក្រោយ​ការ​វិភាគ​សំណាក​ទឹក​ជា​បន្ត​បន្ទាប់ «​លទ្ធ​ផល​បាន​បង្ហាញ​ថា​ គុណ​ភាព​ទឹក​នៅ​តាម​តំបន់​ដែល​ទទួល​រង​គ្រោះ​ មិន​មាន​ឃើញ​វត្ត​មាន​សារ​ធាតុ​គ្រោះ​ថ្នាក់​ដែល​អាច​បង្ក​ហានី​ភ័យ​ធ្ងន់​ធ្ងរ​ដល់​មនុស្ស​ និង​បរិ​ស្ថាន​ទឹក​ទេ​ ។​»

     គួរ​រំលឹក​ថា​ ទឹក​សមុទ្រ​នៃ​ក្រុង​កែប​កាល​ពី​ច្រើន​ថ្ងៃ​មក​នេះ​ បាន​ឡើង​ពណ៌​បៃ​តង និង​ត្រូវ​គេ​រក​ឃើញ​ថា​មាន​កំរិត​ស្លែ​នាំ​ជាតិ​ពុល​បណ្ដាល​ឲ្យ​ទឹក​ល្អក់​ និង​ធ្វើ​អោយ​សត្វ​ក្នុង​ទឹក​សមុទ្ទ​ងាប់​ថែម​ទៀត​ ។ ក្រ​សួង​បរិ​ស្ថាន​កាល​ពី​ថ្ងៃ​ទី​២​ ខែ​មេសា បាន​ធ្វើ​សេចក្តី​ជូន​ដំណឹង​មួយ​ហាម​ឃាត់​មិន​អោយ​ចុះ​ងូត​ទឹក និង​បិរ​ភោគ​គ្រឿង​សមុទ្ទ​ដែល​នេ​សាទ​ក្នុង​តំបន់​សង្ស័យ​រង​ជាតិ​ពុល​នោះ​ឡើយ​ ។

     ក្រោយ​មក​នៅ​ថ្ងៃ​ទី​៤​ ខែ​មេសា​ ក្រ​សួង​បរិស្ថាន​បាន​បញ្ជាក់​សា​ឡើង​វិញ​ថា​ ក្រោយ​ការ​វិភាគ​បឋម លទ្ធ​ផល​បាន​បង្ហាញ​ថា​ ការ​កើន​ឡើង​នូវ​កម្រិត​ស្លែ​នៅ​ក្នុង​ទឹក​សមុទ្រ គឺ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នូវ​សីតុណ្ហ​ភាព ពន្លឺ និង​ការ​ប្រែ​ប្រួល​ជីវ​ជាតិ​ចិញ្ចឹម​នៅ​ក្នុង​ទឹក​សមុទ្រ​ ។ នៅ​ក្នុង​សេច​ក្តី​ប្រ​កាស​កាល​ពី​ថ្ងៃ​ទី​២ ខែ​​មេសា​ ដដែល​នោះ ក្រ​សួង​បរិស្ថាន​បាន​បញ្ជាក់​ថា​ កម្រិត​ស្លែ ដែល​នាំ​អោយ​ទឹក​ល្អក់​ប្រែ​ពណ៌ បាន​បាត់​ទៅ​វិញ​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ​… ប៉ុន្តែ​ក្រ​សួង​បាន​បន្ត​អំពាវ​នាវ​ដល់​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​កែប និង​ភ្ញៀវ​ទេស​ចរណ៍ គួរ​បន្ត​ការ​ផ្អាក​ចុះ​មុជ​ទឹក​សមុទ្រ​កំសាន្ត រហូត​ដល់​ចុង​សប្ដាហ៍​នេះ​ទៀត​ ។

     នៅ​ក្នុង​សេច​ក្តី​ប្រ​កាស​ថ្ងៃ​ទី​៨​ ខែ​មេ​សា​នេះ​ ជា​មួយ​នឹង​ការ​បញ្ជាក់​ថា​ ទឹក​គ្មាន​សារ​ធាតុ​គ្រោះ​ថ្នាក់ ក្រ​សួង​បាន​វិភាគ​ថា​ មូល​ហេតុ​ដែល​បង្ក​អោយ​ទឹក​សមុទ្ទ​ប្រែ​ពណ៌​បៃ​តង​ខ្ចី​នៅ​ទី​នោះ គឺ​បណ្តាល​មក​ពី​វត្ត​មាន​ប្លង់​តុង​មួយ​ប្រ​ភេទ​ ដែល​បាន​កកើត​ឡើង​ក្នុង​តំបន់​ទឹក​សមុទ្ទ​ណា​ដែល​រាក់​ ជា​ពិសេស​តំបន់​នៅ​ជិត​ព្រំ​ប្រ​ទល់​ដែន​ទឹក​កម្ពុជា​ និង​វៀត​ណាម​ ។ ក្រ​សួង​បរិ​ស្ថាន​បាន​ថ្លែង​ថា ស្ថាន​ភាព​បែប​នេះ​អាច​បន្ត​កើត​មាន​ឡើង​សា​ជា​ថ្មី ​ប្រ​សិន​បើ​សីតុណ្ហ​ភាព​ទឹក​សមុទ្ទ​បន្ត​កើន​លើស​ពី​ ៣២​អង្សា​សេ​ ។