ឯកឧត្តម ចម ប្រសិទ្ធ ជួបពិភាក្សាការងារជាមួយ លោក Machele Clara អ្នកជំនាញមកពីអង្គការអភិវឌ្ឍន៌ឧស្សាហកម្មសហប្រជាជាតិ(UNIDO)


រសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​និងសិប្បកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Machele Clara អ្នកជំនាញមកពីអង្គការអភិវឌ្ឍន៌ឧស្សាហកម្មសហប្រជាជាតិ(UNIDO) ដើម្បីពិភាក្សាការងារបន្ថែមទាក់ទងទៅលើធាតុផ្សំ​ និងក្របខ័ណ្ឌនៃកម្មវិធីសម្រាប់ភាពជាដៃគូប្រចាំប្រទេស ដែលប្រទេសកម្ពុជា ត្រូវបានអង្គការ UNIDO ជ្រើសរើសជាប្រទេសគំរូ នៅតំបន់អាស៊ីក្នុងការអនុវត្តកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដែលនឹងត្រូវគាំទ្រមូលនិធិ និងបច្ចេកទេស​ពីម្ចាស់ជំនួយ​និងដៃគូអភិវឌ្ឍន៌ដើម្បី​ពង្រឹងការអភិវឌ្ឍន៌វិស័យឧស្សាហកម្មកម្ពុជាប្រកបដោយចិរភាព តាមរយៈ ពង្រឹងនូវយន្តការមួយចំនួន​ ដូចជា៖គណនាឲ្យឃើញនូវតម្លៃខ្សែសង្វាក់ផលិតកម្ម-ជម្រុញ ប្រសិទ្ធិភាពនៃតំបន់សេដ្ឋកិច្ចពិសេស-ការកាត់ បន្ថយបែបបបទរដ្ឋបាលស្មុគស្មាញ-កិច្ចសម្រួលពាណិជ្ជកម្ម-ការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស-ការបណ្តុះបណ្តាលជំនាញ វិជ្ជាជី វៈ​-និងប្រសិទ្ធិភាពនៃការអនុវត្តគោល នយោ បាយអភិវឌ្ឍន៌វិស័យឧស្សាហកម្ម ជាដើម ។
​លោក Machele Clara បានលើកឡើងពីដៃគូអភិវឌ្ឍន៌​និងម្ចាស់ជំនួយមួយចំនួន ដែលនឹងមានជំហរគាំទ្រកម្មវិធីPCP ជាពិសេសពីប្រទេសកូរ៉េ ដែលមានជំនាញផ្នែកអភិវឌ្ឍន៌សួនឧស្សាហកម្ម និង សហគ្រាសធុនតូច​និងមធ្យម​ ។ លោក បាន បញ្ជាក់បន្ថែមទៀតថា៖អង្គការ UNIDO នឹងខិតខំសហការ​ធ្វើយ៉ាងណា ជួយពង្រឹងសមត្ថភាព ស្ថាប័ន ធុនធានមនុស្ស ជាពិសេស សិក្សានិងកសាងគោលនយោបាយ​និងយុទ្ធសាស្រ្តអភិវឌ្ឍន៌ឧស្សាហកម្មប្រកបដោយចិរភាព និងបរិយាប័ន ។
​ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានគាំទ្រនិងវាយតម្លៃខ្ពស់ ចំពោះអង្គការ UNIDO ដែលសប្តាហ៌កន្លងទៅនេះ បានមករៀបចំ សិក្ខាសាលាមួយស្តីអំពី ក្របខ័ណ្ឌ PCP សម្រាប់ការស្វែងយល់នូវអ្វីជាឱកាស និងភាព ប្រឈមនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជា ព្រមទាំងប្រសិទ្ធិភាពនៃការទទួល​និងប្រើប្រាស់ជំនួយអន្តរជាតិ ។
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យតំណាងអង្គការUNIDO គិតគូលើការកសាងផែនការមេ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សំដៅការធ្វើពិពិធកម្មឧស្សាហកម្ម ។​ ជាពិសេសគឺការទាក់ទាញការវិនិយោគឲ្យចំគោលដៅ ជាប្រភេទឧស្សាហកម្ម​ដែលមានចរិកជា យុទ្ធសាស្ត្រ ដូចជា៖វិស័យអេឡិចត្រូនិក-គ្រឿងយន្ត​ ជាដើម ។
​ទាក់ទងនិងជំនួយមូលនិធិគាំទ្រពីភាគីកូរ៉េ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ ទុកជាកត្តាសំខាន់ និងសង្ឃឹមថា៖កម្ពុជានឹងទទួលបាននូវការនូវបទពិសោធន៌​ ចំណេះដឹង និងការផ្ទេបច្ចេកវិទ្យាពីភាគីកូរ៉េ ក្នុងការចូលរួមការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជាឲ្យមានការ រីកចម្រើនទៅមុខជាលំដាប់ ។
​សូមបញ្ជាក់ថា៖នៅចុងខែវិច្ឆិកានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នឹងដឹកនាំប្រតិភូក្រសួងអញ្ជើញទៅចូលរួមសន្និសីទ្ទលើកទី១៧ របស់អង្គការUNIDO នៅទីក្រុង Vienna ប្រទេសអូទ្រីស ព្រមទាំងត្រៀមចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌ PCP នេះផងដែរ ។