សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើលិខិតមួយ សម្តែងក្តីសោមនស្សអបអរសាទរ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម ដែលទើបបានជ្រើសតាំងកាន់តំណែង ។ សូមជំរាបថា វៀតណាម ទើបបានជ្រើសតាំង លោក ង្វៀន សួនហ្វុក Nguyen Xuan Phuc អាយុ ៦១ឆ្នាំ ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា កន្លងមកនេះ ។
សម្តេចនាយករដ្ឋមន្ត្រី ក្នុងលិខិតអបអរមួយនៅថ្ងៃទី៧ ខែមេសា បានថ្លែងថា សម្តេចមានជំនឿមុតមាំថាទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម នឹងត្រូវបានលើកកម្ពស់ និងពង្រឹងពង្រីកថែមទៀតឱ្យកាន់តែស៊ីជម្រៅដើម្បីផលប្រយោជន៍នៃប្រជាជនទាំង២ ក៏ដូចជាការកសាងសហគមន៍អាស៊ានមួយដ៏រឹងមាំ និងសមស្រប ។ សម្តេចបានសរសេរទៀតថា សម្តេចនឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ នឹងនាយករដ្ឋមន្ត្រីថ្មីវៀតណាម នេះ។
លោក Nguyen Xuan Phuc មុនក្លាយជានាយករដ្ឋមន្ត្រីថ្មី លោកគឺជាអតីតឧបនាយករដ្ឋមន្ត្រីវៀតណាម ។ ក្រោយការជាប់ឆ្នោតគាំទ្រសម្លេង ៤៤៦លើ ៤៩០សម្លេង លោកនាយករដ្ឋមន្ត្រីថ្មីរូបនោះ បានស្បថចូលកាន់តំណែង និងបានស្បថសច្ចាភក្តីភាពចំពោះប្រទេសជាតិ ចំពោះប្រជារាស្ត្រ និងរដ្ឋធម្មនុញ្ញនៃប្រទេសវៀតណាម។