ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយ ប្រធាន អនុប្រធានប្រចាំការគណបក្សក្រុង-ស្រុក


ខេត្តកណ្តាល ៖ រសៀល ថ្ងៃទី ១៤ ខែវិច្ឆិកា នេះ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយ ប្រធាន អនុប្រធានប្រចាំការគណបក្សក្រុង-ស្រុក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ ក្នុងជួរគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងមន្ត្រីសំខាន់ៗ ក្នុងមន្ទីរបក្ស សរុបវត្តមាន ៤៣នាក់ នៅសាលប្រជុំមន្ទីរបក្សខេត្ត។ ខ្លឹមសារ ៖ ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៣/១៧ ស.ណ.គ.ក ចុះថ្ងៃទី១២/១១/២០១៧ របស់គណៈកម្មាធិការកណ្តាល ស្តីពីការត្រៀមរៀបចំសម្រាប់ការទទួល និងមិនទទួលយកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ។

បន្ទាប់ពីមតិផ្តើមបើក ដោយ ឯកឧត្តម ប្រធានគណបក្សខេត្តរួចមក ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត បានផ្សព្វផ្សាយសេចក្តីណែនាំខាងលើ ដោយ ឯកឧត្តម បានបកស្រាយបំភ្លឺ នូវចំណុចសំខាន់ៗមួយចំនួនដើម្បីសមាជិកអង្គប្រជុំបានយល់ច្បាស់ អាចយកទៅអនុវត្តបាន ដោយពុំមានស្រពិចស្រពិល។

បន្ទាប់មក ប្រធានគណបក្សស្រុក ភាគច្រើនបានលើកសំណួរដើម្បីឲ្យគណៈអធិបតីពន្យល់បញ្ជាក់ករណីជាក់ស្តែងតាមស្រុកនីមួយៗ ពាក់ព័ន្ធនឹងការរៀបចំឯកសារឲ្យបានសមស្របតាមនីតិវិធីឡើងវិញ ជូនទៅ គ.ជ.ប បានទាន់ពេលកំណត់។ ជាការឆ្លើយតប ឯកឧត្តម ប្រធានគណបក្ស និង ឯកឧត្តម ប្រធានគណៈប្រចាំការ បានបកស្រាយពន្យល់ ធ្វើឲ្យគ្រប់ស្រុក-ក្រុង យល់ច្បាស់ និងយកទៅអនុវត្តបាន។

ជាកិច្ចបញ្ចប់ ឯកឧត្តម ម៉ៅ ភិរុណ បានផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ជូនដល់គ្រប់ស្រុក-ក្រុង សម្រាប់យកទៅអនុវត្ត ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតឆ្នាំ២០១៨ ។