តំណាងក្រុមហ៊ុនសម្លៀកបំពាក់ល្បីៗលើពិភពលោក ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកាត់ដេរ និងវាយនភ័ណ្ឌនៅកម្ពុជា


(ភ្នំពេញ)៖ លោកបណ្ឌិត Frank Hoffer ប្រធានប្រតិភូតំណាងក្រុមហ៊ុនម៉ាកសម្លៀកបំពាក់ល្បីៗលើពិភពលោក និងក្រុមហ៊ុនលក់រាយ ក្នុងវិស័យវាយនភ័ណ្ឌ និងកាត់ដេរ (ACT-Action, Collaboration, Transformation) បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងកិច្ចពិភាក្សាឲ្យកាន់តែច្រើន រវាងប្រតិភូ ACT ជាមួយក្រសួងពាណិជ្ជកម្ម និងភ្នាក់ងារពាក់ព័ន្ធដទៃទៀត ក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌកម្ពុជា។
សំណើនេះត្រូវបានធ្វើឡើង ក្នុងឱកាសលោកបណ្ឌិត ដឹកនាំតំណាងក្រុមហ៊ុន H&M, Next, C&A, Debenhams, Inditex, Kmart-Australia, Primark និង IndustriALL ចូលជួបពិភាក្សាជាមួយ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីស្វែងយល់ពីដំណើរវិវត្តថ្មីៗ នៅក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌកម្ពុជា។
លោកបណ្ឌិត Frank Hoffer បានកោតសរសើរចំពោះកំណែទម្រង់នានា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានស្នើសុំការគាំទ្រពីក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើតសិក្ខាសាលានានា ដោយមានការចូលរួមពីភាគីក្រសួងពាណិជ្ជកម្ម អ្នកបញ្ជាទិញ (Buyers) សហជីព និងរោងចក្រ ដើម្បីប្រមូលធាតុចូលថ្មីៗសំដៅរៀបចំយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យនេះ។ លោកបណ្ឌិត ក៏បានស្នើឲ្យមានការថ្លឹងថ្លែង រវាងការបង្កើនប្រាក់ឈ្នួលអតិបរមា និងផលិតភាពការងាររបស់កម្មករ-កម្មការនី ដើម្បីចៀសវៀងធ្វើឲ្យភាគីណាមួយរងគ្រោះ ដោយសារគោលនយោបាយកំណត់ប្រាក់ឈ្នួល។
ជាការឆ្លើយតប ឯកឧត្តម ឱក ប៊ុង បានគូសបញ្ជាក់ថា កន្លងមកកម្ពុជាទទួលបានផលចំណេញតិចតួចពីវិស័យកាត់ដេរ ដោយសារបញ្ហាកង្វះខាតបច្ចេកវិទ្យា រួមជាមួយខ្សែសង្វាក់តម្លៃសម្រាប់វិស័យនេះនៅមានកម្រិតទាប។ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឲ្យក្រុមហ៊ុនបញ្ជាទិញ (Buyers) ចូលរួមធ្វើការវិនិយោគ និងផ្ទេរនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យនេះ ដើម្បីធ្វើឲ្យកម្ពុជាមានលទ្ធភាពផលិតគ្រប់គ្រាន់ តាំងពីការកែច្នៃវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តម ឱក ប៊ុង ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការលុបបំបាត់កម្រៃគ្រប់គ្រងការនាំចេញ (Export Management Fee – EMF) ព្រមទាំងការលើកលែងពន្ធលើប្រាក់ចំណេញរយៈពេល ៥ឆ្នាំ (២០១៨ – ២០២២) ជាដើម។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្តែងការចាប់អារម្មណ៍ចំពោះគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត Frank Hoffer ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌនៅក្នុងប្រទេសកម្ពុជា និងបានស្នើឲ្យមានការពិភាក្សាបន្ថែមលើប្រធានបទនេះ នៅក្នុងជំនួបលើកក្រោយ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៦ កម្ពុជាមានរោងចក្រសរុបចំនួន ៧៨៦ ដែលមានកម្មករ-កម្មការនីប្រមាណជាង ៧០ម៉ឺននាក់ និងទទួលបានប្រាក់ឈ្មួលប្រចាំខែសរុបប្រមាណ ១៣៣លានដុល្លារ។ ក្នុងនោះរោងចក្រចំនួន ៥៤៨ ជារោងចក្រផលិតសម្លៀកបំពាក់ និងកាត់ដេរ ដែលបានទទួលប្រាក់ឈ្មួលប្រចាំខែសរុបប្រមាណ ១០៥លានដុល្លារ។ ទីផ្សារគោលដៅនាំចេញផលិតផលពីកម្ពុជាចម្បងៗរួមមាន៖ សហគមន៍អឺរ៉ុប អាមេរិក ចិន ណូវែហ្សឺឡង់ និងជប៉ុន។ បើមើលតាមស្ថិតិនាំចេញ ក្នុងអនាគតដ៏ខ្លី ប្រទេសចិននឹងក្លាយជាទីផ្សារគោលដៅដ៏មានសក្តានុពល សម្រាប់ការនាំចេញផលិតផលពីកម្ពុជា របស់ក្រុមហ៊ុនសមាជិក ACT ជាពិសេសគឺក្រុមហ៊ុន H&M និង C&A។ បច្ចុប្បន្ន សម្រាប់ក្រុមហ៊ុន H&M ប្រទេសចិន គឺជាទីផ្សារនាំចេញធំបំផុតទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងអឺរ៉ុប៕