ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យដល់កម្មករ កម្មការិនី នៅរោងចក្រវីងស្តារស៊ូរ


(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន293 នាក់ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យរបស់ឯកឧត្តម ហ៊ុន ម៉ានី ដល់កម្មករ កម្មការិនី មាន ចំនួន7747នាក់ នៅរោងចក្រវីងស្តារស៊ូរ ភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ផ្លូវជាតិលេខ៣) ដោយឥតគិតថ្លៃ ព្រមទាំងមានចែកទឹកសុទ្ធផងដែរ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយ ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានការចូលរួមសហការ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ តំណាងលោក ឆាយ ថន ទេសរដ្ឋមន្ត្រីក្រសួងផែនការ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកវិទ្យាស្ថានជាតិស្តិតិ លោក អោ វណ្ណថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក ចឹក បូរិន ប្រធានមន្ទីរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ចែម ភឿនរឹមវទ្ធី អភិបាលស្រុកគងពិសី និង លោក Peang Pharoth ប្រធានក្រុមហ៊ុនទឹកសុទ្ធអូរសិលា។
ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ…។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ព្យា​បាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា​ពលរដ្ឋ​មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គម​ជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនកម្មករក្នុងរោងចក្រដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេព​កោសល្យ​​ពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិ​បង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាម​គោលនយោ​បាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
សូមបញ្ជាក់ថារយៈពេល៥៩ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,០៧៥នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣១លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន២៥២,១៣៦នាក់៕
ការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បែបនេះដោយសារមានការចង្អុលបង្ហាញ ពីឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ស្ពឺ និង ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា ។