សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱសាទ៖ ការស្ម័គ្រចិត្តចុះចូលពីសំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជាមានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ


(ភ្នំពេញ) ជុំវិញការចុះចូលរបស់អតីតមន្រ្តីថ្នាក់ដឹកនាំ និងមន្រ្តីមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិ ដែលកំពុងសម្រុកចុះចូលយ៉ាងច្រើនរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលនៅពេលនេះចំនួនបានកើនឡើងរហូតដល់ជិត៣២០នាក់នៅទូទាំងប្រទេស។ ឆ្លើយតបនឹងការកំណត់ពេលវេលានៃការចុះចូល, ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ។

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧​នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «ការស្ម័គ្រចិត្តចុះជាមួយគណបក្សប្រជាជនកម្ពុជា មានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤នេះធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គ.ជ.ប។