កិច្ចប្រជុំដើម្បីអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១០២


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដើម្បីអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១០២ សសរ ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ២០១៧ នាពេលខាងមុខ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
សូមជម្រាបជូនផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខនេះរួចមក គណៈកម្មការក៏បានបង្កើតអនុគណៈកម្មការចំនួន ៧ទៀត ដើម្បីចូលរួមឲ្យដំណើរការពិធីបួងសួងនេះបានសម្រេចទៅដោយជោគជ័យ រួមមាន ៖ ទី១. អនុគណៈកម្មការខ្លឹមសារ កម្មវិធី ទស្សនីយភាព និងពិធីក្រុងពាលី (ដឹកនាំដោយ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន) ទី២. អនុគណៈកម្មការនិមន្ត រៀបចំចង្ហាន់ ការគង់នៅ របស់ព្រះសង្ឃ (ដឹកនាំដោយលោកជំទាវ ភឿង សកុណា) ទី៣. អនុគណៈកម្មការចាត់តាំង ដឹកជញ្ជូន និងមហាជន (ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី) ទី៤. អនុគណៈកម្មការផ្សព្វផ្សាយ (ដឹកនាំដោយ ឯកឧត្តម ខៀវ កញារិទ្ធិ) ទី៥. អនុគណៈកម្មការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់ (ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ នេត សាវឿន) ទី៦. អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច (ដឹកនាំដោយ ឯកឧត្តម ឈិន កេតនា) ទី៧. អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ (ដឹកនាំដោយ ឯកឧត្ត តឹករ៉េត សំរេច)៕