លោកជំទាវ ម៉ែន សំអន អនុញ្ញាតឲ្យ ឯកឧត្ដម លី ដេជិន (Li Dejin) ដឹកនាំគណៈប្រតិភូជួបសម្ដែងការគួរសម និងពិភាក្សាការងារ


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចបានអនុញ្ញាតឲ្យ ឯកឧត្ដម លី ដេជិន (Li Dejin) អភិបាលរងខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំគណៈប្រតិភូជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២១ ខែវិច្ឋិកា ឆ្នាំ២០១៧។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូដែលដឹកនាំដោយ ឯកឧត្ដម លី ដេជិន (Li Dejin)។ លោកជំទាវក៏បានលើកឡើងពីទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន មានប្រវត្តិតាំងពីបុរាណកាលមក ជាពិសេស រវាងអតីតអ្នកដឹកនាំនៃប្រទេសទាំងពីរ គឺសម្តេច នរោត្តម សីហនុ និងឯកឧត្តមប្រធាន ម៉ៅ សេទុង រួមទាំងបណ្តាថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសទាំងពីរ ដែលបានបន្តថែរក្សាមត៌កនេះរហូតមកដល់សព្វថ្ងៃ។
លោកជំទាវក៏បានគាំទ្រនូវយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រសមុទ្រ ដែលជាយុទ្ធសាស្រ្តទាំងពីរនេះ បានការពង្រឹង និងពង្រីកនូវទំហំពាណិជ្ជកម្ម និងទំហំសេដ្ឋកិច្ចនៃប្រទេសទាំងពីរបានកាន់តែប្រសើរ និងទទួលស្វាគមន៍ចំពោះគណៈប្រតិភូផងដែរដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ៕