ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២ របស់កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោក


ទីក្រុងហ្សឺណែវ ប្រទេសស្វីស៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២ របស់កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២១ និង ២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ គណៈប្រតិភូកម្ពុជារួមមានតំណាងមកពីក្រសួងពាណិជ្ជកកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធនាគារជាតិនៃកម្ពុជា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងនាមជាសមាជិកអង្គការ WTO កម្ពុជាមានកាតព្វកិច្ចដូចប្រទេសសមាជិកដទៃទៀតដែរ គឺត្រូវចូលរួមកិច្ចប្រជុំត្រួតពិនិត្យទ្បើងវិញគោលនយោបាយពាណិជ្ជកម្ម (Trade Policy Review – TPR) រៀងរាល់៦ឆ្នាំម្តង ដែលយន្តការ TPR នេះ មានកំណត់ក្នុងឧបសម្ព័ន្ធទី៣នៃកិច្ចព្រមព្រៀងទីក្រុងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការWTO (Marrakesh Agreement Establishing the World Trade Organization) ។
ការត្រួតពិនិត្យនេះ ធ្វើទ្បើងក្នុងគោលបំណងធានានូវគោលការណ៍តម្លាភាព និងអនុលោមភាពនៃនយោបាយពាណិជ្ជកម្មរបស់ប្រទេសមួយ ជាមួយនឹងវិធាននានានៃអង្គការ WTO ព្រមទាំងផ្តល់ឱកាសដល់ប្រទេសសមាជិក តួយ៉ាងកម្ពុជា ពិនិត្យនូវវឌ្ឍនភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកំណែទម្រង់លើវិស័យនានាពាក់ព័ន្ធនឹងរបបពាណិជ្ជកម្ម ក្នុងទិសដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច វិនិយោគ និងធានានូវការប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។ ជាគោលការណ៍ ប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវធ្វើការត្រួតពិនិត្យគោលនយោបាយខ្លួនជារៀងរាល់៥ឆ្នាំម្តង រីឯប្រទេសអភិវឌ្ឍន៍ដទៃទៀតត្រូវធ្វើក្នុរយៈពេល៣ឆ្នាំម្តង យ៉ាងយូរ។
កិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនេះ ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋាននៃរបាយការណ៍ចំនួនពីរ គឺ ៖
(១) របាយការណ៍គោលនយោបាយពាណិជ្ជកម្មកម្ពុជាដែលសរសេរ ដោយលេខាធិការដ្ឋានអង្គការ WTO (Secretariat Report) មាន ៤ ជំពូក៖ ជំពូកទី១ ទាក់ទងនឹង បរិយាកាសសេដ្ឋកិច្ច (Economic Environment) ជំពូកទី២ ទាក់ទងនឹង របបវិនិយោគ និងពាណិជ្ជកម្ម (Trade and Investment Regime) ជំពូកទី៣ ទាក់ទងនឹង គោលនយោបាយពាណិជ្ជកម្មនានា និងការអនុវត្តតាមវិធានការនីមួយៗ (Trade Policies and Practices by Measures) និង ជំពូកទី៤ ទាក់ទងនឹង គោលនយោបាយពាណិជ្ជកម្មនានា និងការអនុវត្តតាមវិស័យនីមួយៗ (Trade Policies and Practices by Sectors)។
(២) របាយការណ៍នយោបាយពាណិជ្ជកម្មកម្ពុជាដែលសរសេរដោយរាជរដ្ឋាភិបាលកម្ពុជា (Government Report) ផ្តោតជាសំខាន់លើ៤ចំណុចធំៗ គឺ៖ (១) វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច (២) ប្រាក់ចំណូល សុខុមាលភាព និងភាពដែលងាយនឹងរងផលប៉ះពាល់នៃសេដ្ឋកិច្ច (៣) ការធ្វើឱ្យប្រសើរទ្បើងនូវលទ្ធភាពប្រកួតប្រជែងរបស់កម្ពុជា និង (៤) ពាណិជ្ជកម្ម ការអភិវឌ្ឍ និងដៃគូអភិវឌ្ឍន៍។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា ទោះបីជាកម្ពុជាជាប្រទេសតូចក៏ដោយ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់យករបបទីផ្សារសេរី និងសេដ្ឋកិច្ចបើកចំហរ។ ចាប់តាំងពីកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី១ កាលពីឆ្នាំ២០១១មក កម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧%ក្នុងមួយឆ្នាំ ខណៈដែលកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗមានចំនួន ១.៣០២ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦ ធៀបនឹងឆ្នាំ២០១១ ដែលមានចំនួន ៩១១ ដុល្លារអាមេរិក។ តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយថាមវ័ន្តនេះ បានធ្វើអោយមានការរីកចម្រើនលើសុខុមាលភាពប្រជាជនកម្ពុជា និងបានកាត់បន្ថយភាពក្រីក្រពី ៥៣ ភាគរយ ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥ ភាគរយក្នុងឆ្នាំ២០១៤ និងអត្រាអក្ខរកម្មកើនពី៧៩.៩ ភាគរយក្នុងឆ្នាំ២០១១ ដល់ ៨០.៥ភាគរយ ក្នុងឆ្នាំ២០១៥។
ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានលើកផងដែរ តាមរយៈរបាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកដែលបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេទី៦ នៅក្នុងពិភពលោក ក្នុងរង្វង់២០ឆ្នាំចុងក្រោយ។