សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះការកែទម្រង់គណៈរដ្ឋមន្ត្រីដោយជោគជ័យ


ភ្នំពេញ ៖ ថ្លែង​នៅ​វិមាន​សន្តិភាព ទីស្ដីការ​នាយករដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២២​ខែមេសា ក្នុង​ឱកាស អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ,​សម្ដេច ​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​ពី​មោទនភាព នៃ​ការកែទម្រង់​គណៈរដ្ឋមន្ត្រី​ដោយ​ជោគជ័យ ដោយ​សម្ដេច​បាន​មានប្រសាសន៍ថា រដ្ឋមន្ត្រី​ទាំងឡាយ​ដែល​បាន​កែសម្រួល​រួច​ហើយ​នោះ​ គឺ​ដឹង​អំពី​ភារកិច្ច​របស់​ខ្លួន​ហើយ ហើយ​សម្ដេច​ក៏បាន​បង្ហាញ​នូវ​ការ​រីករាយ ចំពោះ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ នា​រយៈពេល​កន្លងមក​ថ្មីៗ​នេះ​ថា ទោះបី​អាកាសធាតុ​ក្តៅ​បន្តិច​ក៏ដោយ ប៉ុន្តែ ប្រជាពលរដ្ឋ​របស់​យើង​មានការ​សប្បាយ​រីករាយ ពោរពេញ​ដោយ​សន្តិសុខ​ល្អ ។​
​​​ក្រៅ​ពី​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ប្រកាស​អំពី​របៀប​វារៈ​ដែល​ត្រូវ​លើក​យក​មក​ពិភាក្សា​នៅ​ថ្ងៃ​នេះ រួមមាន​៖
១.​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន​។​
២.​សេចក្តី​ព្រាង​ផែនការមេ​ឆ្ពោះទៅ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(SEA Games) លើក​ទី​៣២​ឆ្នាំ​២០២៣(២០១៦–២០២៣)​។​
៣.​បញ្ហា​ផ្សេងៗ​៖ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន នីតិប្បញ្ញត្តិ​លើ «​កិច្ចព្រមព្រៀង ​រវាង​រ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​ហុង​គ្រី ស្ដីពី​ការជំរុញ និង​ការ​ការពារ​ទៅវិញ ទៅមក នៃ​វិនិយោគ​»៕