នារីឆ្នើមក្នុងវិស័យទេសចរណ៍ ១៣៣នាក់ ដំបូងនៅកម្ពុជា ទទួលបានការលើកទឹកចិត្តយ៉ាងក្លៀវក្លា ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់វិស័យទេសចរណ៍


ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានប្រកាសលើកទឹកចិត្តឲ្យនារីឆ្នើមផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមអនុវត្តសកម្មភាពជួយដល់សង្គម និងចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ដែលជាកត្តាដ៏សំខាន់ក្នុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។
ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍នារីឆ្នើមផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន និងលោកជំទាវរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ជាមួយវត្តមានចូលរួមពីនារីឆ្នើមផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងនារីជាមន្ត្រីរាជការក្រសួង និងមន្ទីរទេសចរណ៍រាជធានីខេត្ត ប្រមាណ ២៤០នាក់។
អង្គសិក្ខាសាលានេះ គឺជាសមិទ្ធផលថ្មីមួយទៀត ឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់គុណភាព គុណតម្លៃនៃស្នាដៃការងាររបស់ស្រ្ដី ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ឱ្យមានការរីកចម្រើនជាលំដាប់។ នេះក៏ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់វាគ្មិន និងអ្នកពាក់ព័ន្ធដទៃទៀត មកពីក្រសួងស្ថាប័នផ្សេងៗអាចធ្វើការផ្លាស់ប្ដូរចែករំលែកនូវបទពិសោធន៍ សំដៅពង្រឹងចលនារបស់ស្រ្ដីឱ្យក្លាយជាដៃគូ ដែលមិនអាចខ្វះបានទាំងក្នុងវិស័យសាធារណៈ និងឯកជន។
ជាងនេះទៅទៀត វាពិតជាបានបង្ហាញឱ្យឃើញថា នារីឯកជនក្នុងវិស័យទេសចរណ៍បាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យមាននិរន្តរភាព និងបរិយាប័ន្ន។ ព្រមជាមួយគ្នានេះ ក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និយាយដោយឡែករបស់ក្រសួងទេសចរណ៍ ក្នុងការបង្កើតទំព័រថ្មី «តម្លៃស្រ្ដីក្នុងវិស័យទេសចរណ៍យុគសម័យតេជោ» ដែលបានកសាងស្នាដៃលេចធ្លោនៅក្នុងការងារ ផ្ទុយពីផ្នត់គំនិតមនុស្សក្នុងសង្គមមួយចំនួន ដែលនៅមើលឃើញ និងឱ្យតម្លៃទាបនៅឡើយ។
គួរបញ្ជាក់ថា ទន្ទឹមនឹងការកើនឡើងនៃទេសចរពិភពលោក ទេសចរអន្តរជាតិដែលបានមកកាន់កម្ពុជា ក៏មានការកើនឡើងជាលំដាប់ដែរពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងគិតត្រឹមរយៈពេល៩ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៣,៩១២,៧៦១នាក់ ក្នុងកំណើន ១១.៥% ដោយបាននាំមកនូវប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារ បង្កើតឱកាសការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត ដោយក្នុងនោះកម្លាំងជាស្ត្រីមានប្រមាណ ៦០%។
មានវត្តមាននៅគ្រប់សេវាកម្មទេសចរណ៍ទាំងអស់ ដែលនេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញថា ស្ត្រីជាកម្លាំងចលករដ៏មានសក្តានុពលក្នុងវិស័យទេសចរណ៍ ជាភាគីពាក់ព័ន្ធដ៏សំខាន់ដែលមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានគិតគូរយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សិទ្ធិ តួនាទី និងតម្លៃស្ត្រីតាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ និងផ្តល់ឱកាសចូលរួមដោយស្មើភាព ស្មើតម្លៃ ទាំងស្ត្រីបម្រើការក្នុងសេវាសាធារណៈ និងស្ត្រីឯកជនក្នុងវិស័យទេសចរណ៍ តួយ៉ាងក្រសួងបានបង្កើតបណ្តាញស្ត្រីទាំងនៅកម្រិតជាតិ និងកម្រិតក្រោមជាតិ បានចងក្រងនារីឯកជនក្នុងវិស័យទេសចរណ៍ ហើយផ្តើមចេញពីក្រុមនារីឯកជនក៏បានក្លាយទៅជានារីឆ្នើម ដោយឆ្លងកាត់ការប្រកួតប្រជែងស្នាដៃ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពទេសចរណ៍ និងសកម្មភាពសង្គម។
ថ្លែងពីវេទិកានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី ថោង ខុន និងលោកជំទាវរដ្ឋមន្រ្ដី អ៊ឹង កន្ថាផាវី ក៏បានលើកទឹកចិត្ត និងផ្ដល់អនុសាសន៍មួយចំនួនដល់អង្គសិក្ខាសាលាត្រូវបន្ដសហការគ្នាឱ្យបានល្អ ដើម្បីកសាងផែនការអភិវឌ្ឍន៍យេនឌ័រនៅគ្រប់អង្គភាព ជួយជំរុញដល់ស្រ្ដីមានសិទ្ធិពេញលេញក្នុងការដឹកនាំគ្រប់គ្រង និងបង្កើនភាពអង់អាច ជៀសផុតពីការរំលោភបំពាន អំពើហិង្សា ព្រមទាំងទទួលបាននូវការគោរព ផ្ដល់កិត្តិយស និងតម្លៃពីសមាជិកគ្រួសារ និងសង្គម ត្រូវខិតខំលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្ដី និងគ្រួសារខ្មែរ។
មួយវិញទៀត គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមឱ្យបានសកម្ម ក្នុងការលើកកម្ពស់យេនឌ័រ ដោយមិនត្រូវចាត់ទុកការងារយេនឌ័រ ជាការងារដោយឡែករបស់បុគ្គល ឬអង្គភាពណាមួយឡើយ ជាពិសេសត្រូវបន្ដចុះជាប់សួរសុខទុក្ខ ផ្ដល់កម្លាំងចិត្ត និងការគាំទ្រតាមគ្រប់រូបភាពចំពោះស្រ្ដីទៅដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងស្រ្ដី ក្នុងវិស័យរដ្ឋ និងឯកជន៕