ឯកឧត្តម ចម ប្រសិទ្ធ ថ្លែងក្នុងសន្និសីទអន្តរជាតិថ្នាក់រដ្ឋមន្រ្តី ដែលរៀបចំដោយអង្គការ UNIDO ថា “ការអភិវឌ្ឍន៍គឺមិនអាចទៅរួចទេ ប្រសិនបើប្រទេសជាតិគ្មាន សន្តិភាព ឬត្រូវរំខានដោយការធ្វើបដិវត្តពណ៍”


(វីយ៉ែន-អូទ្រីស)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណប្រតិភូទៅចូល រួមសន្និសិទលើកទី៧ ថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងសន្និសិទលើកទី១៧ របស់អង្គការសហប្រជាជាតិដើម្បី អភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ពីថ្ងៃទី២២ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងវីយេន ប្រទេសអូទ្រីស។

សន្និសិទលើកទី៧ ថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច ប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់២៤ វិច្ឆិកា ឆ្នាំ២០១៧ ក្រោមប្រធានបទ “ការក៏សាងភាពជាដៃគូ ការរីកចំរើនឲ្យប្រសើរឡើង និងបរិយាប័ន នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច“ ដោយមានប្រទេសចំនួន ៤៨ចូលរួម ក្រោមអធិបតិយភាព ឯកឧត្តម លី យ៉ុង អគ្គនាយក UNIDO។
រយៈពេលពីរថ្ងៃនេះអង្គសន្និសិទបានពិភាក្សាលើចំណុចសំខាន់ៗ៖
១.ប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងសកលភាវូបនីយកម្ម
២.ការជំរុញឲ្យរួចផុតពីប្រទេសអភិវឌ្ឍន៍តិចតួច
៣.ភាពជាដៃគូសម្រាប់និរន្តភាពឧស្សាហកម្ម

នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់អនុសាសន៍ដ៏មានតំលៃដល់អង្គសន្និសីទ មានបីចំនុចដែលត្រូវយកចិត្តទុកដាក់មុននឹងចាកចេញពី LDC ៖
១. ត្រូវមើលលើ GDP ថាតើ GDP មានស្ថេរភាពហើយឬនៅ ដូចករណី កម្ពុជាមានកំណើន GDP មានស្ថេរភាពកើន 7% ជារៀងរាល់ឆ្នាំ។
២. ត្រូវមើលលើធនធានមនុស្ស ថាតើកំលាំងពលកម្មក្នុងស្រុកមានជំនាញគ្រប់គ្រាន់ហើយឬនៅ?
៣. ត្រូវមើលលើទីផ្សារ និងមធ្យោបាយទៅកាន់ទីផ្សារ
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា បើទោះបីយើងមានគ្រប់ក្របខណ្ឌ័ទាំងបីខាងលើនេះក៏ដោយ ការអភិវឌ្ឍន៌មិនអាចទៅរួចទេ បើប្រទេសយើងគ្មានសន្តិភាព ឬប្រទេសជាតិត្រូវរំខានដោយការធ្វើបដិវត្តព៌ណ ឬម្យ៉ាងទៀតត្រូវគិតគូរឲ្យបានត្រឹមត្រូវក្នុងការទទួលយកអ្នកវិនិយោគមួយចំនួន បើមិនដូច្នោះទេ គេនឹងបន្សល់ឲ្យយើងនូវកម្មករដែលអត់មានការងារបន្ទាប់ពីពួកគេចាកចេញ ឬបោះបង់ការវិនិយោគរបស់ពួកគេដោយប្រការណាមួយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លៃសន្ទរកថាបើកព្រឹត្តការណ៍ លើប្រធានបទស្តីពី “ការធ្វើសមាហរនកម្មទៅក្នុងខ្សែសង្វាក់តម្លៃសាកល ភាពជាដៃគូក្នុងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព និងបទដ្ឋាន”។

ក្រៅពីសន្និសីទខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានជួបពិភាក្សាជាមួយលោក ម៉ាមូត ម៉ូហ៊ីឌីន អនុប្រធានក្រុមការងារធនាគារពិភពលោក ពីស្ថានភាពសេដ្ឋកិច្ច ឧស្សាហកម្ម ទំនាក់ទំនងសហប្រតិបត្តការជាមួយធនាគារពិភពលោក ពិសេសសម្រាប់កម្ពុជានៅពេលអនុវត្តកម្មវីធីភាពជាដៃគូប្រចាំប្រទេស។ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើធនាគារពិភពលោក ពិនិត្យក្នុងការជួយដល់ កសិឧស្សាហកម្ម ដែលជាសក្តានុពលមួយក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ឆ្លៀតឪកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានជម្រាបលោក ម៉ាមូត ម៉ូហ៊ីឌីន ឲ្យបានយល់ពីស្ថានការនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្នផងដែរ ”បើគ្មានសន្តិភាពក៏មិនមានប្រជាធិបតេយ្យ និងគ្មានការអភិវឌ្ឍដែរ“។
នៅពេលបញ្ចប់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសអភិវឌ្ឍតិចតួច សន្និសីទក៏បានចេញសេក្តីថ្លែងការរួម ដោយផ្តោតទៅលើ៖ ពិនិត្យការអនុវត្ត បរិយាប័ន និងការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចេរិភាព (ISID) តាមរយៈការកសាងភាពជាដៃគូសម្រាប់ប្រទេសអភិវឌ្ឍតិចតួច ជាមួយផែនការសកម្មភាព អីស្តានប៊ុល (Istanbul Program) កម្មវិធីអភិវឌ្ឍន៍ដោយចិរភាព ២០៣០ និង ផែនការអាប៊ូដាប៊ី។ សំខាន់ជាងនេះគ្រប់បណ្តាប្រទេសត្រូវធ្វើសកម្មភាពជាក់ស្តែង ឲ្យបានច្រើនឡើងៗ និងទទួលបានភាពវិជ្ជមានច្រើនឡើងៗ ហើយក៏មានការឯកភាពគ្នាលើចំណុចដូចខាងក្រោម៖
១.កិច្ចសហការផ្នែបច្ចេកទេស និងការផ្តល់សេវាកម្មវិធី
២.ភាពជាដៃគូក្នុងការអភិវឌ្ឍ
៣.បង្កើតការវិនិយោគ
៤. ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង នវានុវត្ត
៥. យុវជន ស្ត្រី និងសហគ្រិនភាព
៦.កាត់បន្ថយទំនាស់ និងការធ្វើឲ្យប្រសើរឡើងវិញ
៧.សន្តិសុខស្បៀង
៨.កិច្ចព្រមព្រៀងពាណិជ្ជកម្ម
៩.ការធ្វើដំណើរឆ្ពោះទៅមុខជានិច្ច
ទាំងអស់នេះជាកត្តាគន្លឺះនាំទៅរកលទ្ធផលជាផ្លែផ្កាដល់បណ្តាប្រទេសអភិវឌ្ឍតិចតួច។