នាយករដ្ឋបាលសាលាខេត្តកំពង់ធំ សម្ភោធដាក់ឱ្យប្រើប្រាស់អាគារសិក្សា១ខ្នង៥បន្ទប់នៅសង្កាត់កំពង់រទេះ


ខេត្តកំពង់ធំ​ កាលពីថ្ងៃទី២៧​ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អាគារសិក្សា១ខ្នង៥បន្ទប់ នៅ​សង្កាត់​​កំពង់រទេះ ក្រុងស្ទឹងសែន  ​លោក យ៉ូវ សេងគុណ នាយករដ្ឋបាល​សាលាខេត្តកំពង់ធំ​បានស្នើ​ឱ្យប្រជាពលរដ្ឋ​ និងអាណាព្យាបាល​ សិស្សទាំងអស់ត្រូវខិត ខំអប់រំ​ទូន្មាន​កូនចៅឱ្យ ​ខិតខំប្រឹងប្រែង​រៀនសូត្រ ​និងចៀសឱ្យឆ្ញាយ​ពីគ្រឿងញៀន ពិសេសត្រូវបញ្ជូនកូនចៅ​ឱ្យទៅ​សាលារៀន​បានគ្រប់ៗគ្នា ​ព្រោះថាមានតែ​ចំណេះដឹងទេដែលអាចកែប្រែ​សេដ្ឋកិច្ច​គ្រួសារ​ ក៏ដូចជាសង្គមជាតិ​ឱ្យ​មាន​ការរីកចម្រើន។

លោក John Lester tajon តំណាងសហគមន៍កាតូលិកប្រចាំខេត្តកំពង់ធំ មានប្រសា សន៍ថា ដើម្បីធានា​បាន​នូវ​កំណើន​ការចូល​រៀនសូត្ររបស់សិស្សានុសិស្ស មានការកើនឡើងជាលំដាប់ សហគមន៍កាតូលិកប្រចាំខេត្តកំពង់ធំ បានរួម​ចំណែក​ជួយ​កសាង​នូវអាគារសិក្សាថ្មី១ខ្នងនេះ ជូនដល់លោកគ្រូ អ្នកគ្រូ ។សូមឱ្យលោកគ្រូ អ្នកគ្រូខិត​ខំ​យក​ចិត្តទុកដាក់​ជួយបង្ហាត់​បង្រៀន​ដល់​សិស្សា​នុសិស្ស ​ហើយសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ស្តាប់​ដំបូន្មាន​របស់លោកគ្រូ ​អ្នកគ្រូ ​ឪពុកម្តាយ​ ដើម្បីក្លាយ​ជា​កូន​ល្អ ​​សិស្សល្អ ​មិត្តល្អ ​ពលរដ្ឋល្អក្នុងសង្គម។

លោកយ៉ូវ សេងគុណ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ​ជាប្រមុខ​ដឹកនាំបាន​ខិតខំពុះពារ​គ្រប់ឧបសគ្គ ​រក្សាបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​ឈានឆ្ពោះ​ទៅរកការរីក​ចម្រើន​ លើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ដូចនេះគណៈគ្រប់គ្រងសាលា លោកគ្រូ ​អ្នកគ្រូ​ សិស្សានុ ​សិស្សទាំងអស់ ​សូមជួយថែរក្សាអាគារសិក្សាថ្មី ១ខ្នងនេះ ឱ្យបានស្ថិតស្ថេរ​គង់វង្ស​ទុក​ឱ្យប្អូនៗជំនាន់​ក្រោយបាន​សិក្សារៀន​សូត្របន្ត។​ លោក​ក៏​បានថ្លែង​អំណរគុណដល់សហគមន៍កាតូលិក ព្រមទាំង​សប្បុរសជន​ក្នុងនិង​ក្រៅប្រទេស​ ដែលបានជួយ​ឧបត្ថម្ភក្នុង​ការកសាង​​អាគារសិក្សា១ខ្នងនេះឡើង៕