ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំវេទិកា ពិគ្រោះ យោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០១៨-២០២០របស់ខ្លួនកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នៅសាលាខេត្តដែលមានការចូលរួមពីស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិអន្តរជាតិវិស័យឯកជន ជាច្រើនរយនាក់ដែលបង្ហាញពីកិច្ចសហការល្អ ក្នុងគោលដៅបន្តជំរុញការងារអភិវឌ្ឍន៍ខេត្តឱ្យ បានលឿនថែមទៀត។
នៅក្នុងវេទិកានេះឯកឧត្តម ឈើយ ចាន់ណា អភិបាលស្តីទីខេត្តបន្ទាយមានជ័យមាន ប្រសាសន៍ថា ជាការពិតណាស់ការអភិវឌ្ឍមិនមែនជាការងារដែលយើងអាចសម្រេចបានក្នុង រយៈពេល១ឆ្នាំ ឬ២ឆ្នាំ ឬក៏ខ្វះការចូលរួមបាននោះទេហើយការងារក៏ទាមទារនូវពេលវេលាយូរ អង្វែងផងដែរ ក្នុងនោះត្រូវមានផែនការអនុវត្តន៍ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានកិច្ច សហប្រតិបត្តិការល្អពីស្ថាប័ននានាភាគីពាក់ព័ន្ធព្រមទាំងកៀរគរធនធានថវិកាសម្ភារៈឱ្យអស់លទ្ធភាពនិងមធ្យោបាយព្រោះថាការចូលរួមគឺជាកត្តាសំខាន់ដែលមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ការងារកសាងផែនការពិតជាមូលដ្ឋានមួយដ៏មានសារៈសំខាន់ណាស់ក្នុងការធានាធ្វើឱ្យប្រសើរដល់កិច្ចការអភិវឌ្ឍសង្គមនោះ។
ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានដាក់ចេញនិងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកំណែ ទម្រង់លើគ្រប់វិស័យនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីជំរុញ លើកកម្ពស់កំណើនសេដ្ឋកិច្ចបង្កើតការងារជូនប្រជាពលរដ្ឋធានាសមធម៌ក្នុងសង្គមនិងលើកស្ទួយប្រសិទ្ធភាពវិស័យសាធារណៈហើយគោលដៅនេះជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយតម្លាភាព គណនេយ្យភាពបង្កើនភាពជឿជាក់របស់ប្រជាពល រដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានសំណូមពរសូមឱ្យអង្គវេទិកាពិគ្រោះ យោបលទាំងមូលត្រូវយកចិត្តទុកដាក់ក្នុងការធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានស៊ីជម្រៅដើម្បីបំពេញតម្រូវការរបស់មូលដ្ឋាន។
ឯកឧត្តមអភិបាលស្តីទីខេត្តបន្ទាយមានជ័យមានប្រសាសន៍បន្តថា វេទិកាពិគ្រោះយោ បល់នាថ្ងៃនេះ រដ្ឋបាលខេត្តមានគោលបំណងបង្ហាញអំពីការសម្របសម្រួលរវាងអ្នកពាក់ព័ន្ធ និងការបន្ស៊ីគ្នានូវគម្រោងកម្មវិធីវិនីយោគក្រុង ស្រុក និងពង្រឹងកិច្ចសហប្រតិបត្តិគ្រប់ជ្រុង ជ្រោយរវាងរដ្ឋបាលខេត្ត ក្រុង ស្រុក និងភាគីពាក់ព័ន្ធនានាដែលកំពុងនិងបន្តកម្មវិធីអភិវឌ្ឍន៍ នានាក្នុងខេត្តសំដៅដើម្បីកៀរគរធនធានសម្រាប់អនុវត្តន៍គម្រោងវិនិយោគនានាដែលស្នើឡើង និងដែលមានក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ម្យ៉ាងទៀតគឺដើម្បី ពិនិត្យមើលគម្រោងដូចគ្នា ជាន់គ្នាដែលបានរៀបចំដោយអង្គការសង្គមស៊ីវិលវិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំដៅធ្វើយ៉ាងណាជំរុញល្បឿនការអភិវឌ្ឍខេត្តឱ្យកាន់មានការរីកចម្រើន ថែមទៀតដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ៕