ឯកឧត្តម ទី នរិន្ទ និងសហការី បានទួលជួបពិភាក្សាជាមួយនាយកទទួលបន្ទុកផ្នែកថាមពល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក


នៅព្រឹកថ្ងៃទី ២៨ វិច្ឆិកា ២០១៧ ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងសហការី បានទួលជួបពិភាក្សាជាមួយ លោកស្រី Julia M. Fraser នាយកទទួលបន្ទុកផ្នែកថាមពល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក ជាមួយសហការី ។ ភាគីទាំង២ បានផ្លាស់ប្តូរយោបល់លើលទ្ធផលនៃការសិក្សារបស់ធនាគារពិភពលោកអំពីការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ដែលបានមើលឃើញថាការអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្មនៅកម្ពុជាមានការរីកចំរើនយ៉ាងលឿន ចេញពី ១៤% នៃលំនៅដ្ឋាន ទទួលការផ្គត់ផ្គង់នៅ១០ឆ្នាំមុន មក៧០%នៅពេលបច្ចុប្បន្ន ។ ធនាគារពិភពលោកក៏បានលើកឡើងនូវការប្រឈមខ្លះៗដែលក្រុមសិក្សាបានពិនិត្យឃើញ ដូចជាបញ្ហាស្ថិរភាពនិងគុណភាពនៃការផ្គត់ផ្គង់ដែលធ្លាក់ចុះនៅតំបន់ខ្លះនៃការផ្គត់ផ្គង់ដែលកម្ពុជាត្រូវបន្តការអភិវឌ្ឍជាបន្តទៀត ។ ភាគីធនាគារពិភពលោកបានជំរាបជូន ឯកឧត្តម ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាថា ប្រសិនបើមានការស្នើសុំពីភាគីកម្ពុជា ធនាគារពិភពលោកសប្បាយរីករាយនឹងបន្តចូលរួមជួយធ្វើការសិក្សាបន្ថែមទៀតនូវអ្វីដែលចាំបាច់ដែលវិស័យអគ្គិសនីកម្ពុជាត្រូវធ្វើដើម្បីឈានទៅរកគោលដៅវិស័យអគ្គិសនីឆ្នាំ ២០២០ របស់រាជរដ្ឋាភិបាល ។