ឯកឧត្តម ចម ប្រសិទ្ធ ដឹកនាំគណៈប្រតិភូ ចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី១៧ របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម UNIDO


(វីយេន-អូទ្រីស) ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ទីក្រុងវីយេន ប្រទេសអូទ្រីស ដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណប្រតិភូទៅចូលរួម មហាសន្និបាតប្រចាំឆ្នាំលើកទី១៧ របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម UNIDO លើប្រធានបទ “ កិច្ចសហការដ៏មានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព “ ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ​ ឆ្នាំ២០១៧ នៅទីក្រុងវីយេន ប្រទេសអូទ្រីស ។ ក្នុងមហាសន្និបាតនេះ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្រ្តីជាន់ខ្ពស់ដទៃទៀតមកពីជាង១៥០ប្រទេស តំណាងជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិធំៗ និងពាណិជ្ជករល្បីៗ តំណាងសង្គមស៊ីវិល និងសាកលវិទ្យាល័យនានាជុំវិញពិភពលោក សរុបប្រមាណជាង៨០០នាក់ បានចូលរួម ។
គោលបំណងនៃមហាសន្និបាតនេះ គឺផ្តោតជាសំខាន់លើការរៀបចំរចនាសម្ព័ន្ធថ្មី និងការបូកសរុបការងារ​ដែល UNIDO បានអនុវត្តជាមួយបណ្តាប្រទេសនានាកន្លង រួមទាំងបានរំលេចនូវគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត សមិទ្ធផលនិងភាពជាដៃគូក្នុងការលើកកម្ពស់ការអនុវត្ត កម្មវិធី អភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចីរភាព និងបរិយាប័ន (ISID) សម្រាប់បំពេញនូវរបៀបវារៈឆ្នាំ២០៣០ ។ សមិទ្ធផលដែលទទួលបាន ឆ្លើយតបទៅនឹងគោលដៅទី៩ របស់ SDG ស្តីពីឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ ហើយកិច្ចការនេះក៏ស្ថិតនៅក្នុងគោលដៅដែលគាំទ្រដល់គោលដៅទាំង១៦របស់ SDGs ផ្សេងទៀតផងដែរ។​
ជាមួយគ្នានេះដែរ ឯកឧត្តម លី​ យ៉ុង អគ្គនាយកនៃអង្គការ UNIDO ត្រូវបានអង្គមហាសន្និបាត បោះឆ្នោតជាឯកច្ឆ័ន្ទ ជ្រើសរើសជាអគ្គនាយកនៃអង្គការ UNIDO សម្រាប់អាណត្តិ ទី២ ក្នុងរយៈពេល៤ឆ្នាំបន្តទៀត ។
នៅក្នុងមហាសន្និបាតដ៏ធំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ត្រូវបានអញ្ជើញឲ្យចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាលើកទី៦ នៃកម្មវិធីការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចីរភាព និងបរិយាប័ន ISID លើប្រធានបទៈ​ ភាពជាដៃគូរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបង្ហាញពីសមិទ្ធផលនានា ដែលUNIDO បានអនុវត្តនៅកម្ពុជា និងបំណងរបស់កម្ពុជាដើម្បីសម្រេចគោលដៅ ឆ្នាំ២០៣០ ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ និងឆ្នាំ២០៥០ ទៅជាប្រទេសអភិវឌ្ឍន៍ ។
ដូចនេះ កម្មវិធីភាពជាដៃគូប្រចាំប្រទេស​ (PCP) ពិតជាមានសារសំខាន់ណាស់ដើម្បីចូលរួមចំណែកធ្វើឲ្យកម្ពុជាសម្រេចបាននូវគោលដៅខាងលើរបស់ខ្លួន ។