អបអរសាទរ រំភើបណាស់ព្រឹកនេះ តំណាងព្រះរាជាណាចក្រកម្ពុជា និងសហគមន៍ខ្មែរបានទទួលពានរង្វាន់ “ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០១៧” ពីស្ថាប័នកូរ៉េ នៅរដ្ឋសភាជាតិកូរ៉េ


តំណាងព្រះរាជាណាចក្រកម្ពុជា និងសហគមន៍ខ្មែរដែលកំពុងរស់នៅធ្វើការ ​និងសិក្សានៅកូរ៉េខាងត្បូង​ ដែលមានប្រមាណ ៦ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានទទួលពានរង្វាន់ “ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០១៧” នៅរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ ពីសមាគមមិត្តភាពវប្បធម៌កូរ៉េ។ នេះគឺជាមោទនភាពជាតិ កិត្យានុភាពជាតិខ្មែរថ្មីបន្ថែមទៀតរបស់សហគមន៍ខ្មែរនៅកូរ៉េ ដែលកន្លងមកបានរួមរួបសាមគ្គី ថែរក្សាអភិវឌ្ឍ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយពានរង្វាន់និងកេរិ៍្តឈ្មោះនេះទៀតសោត គឺមិនមែនជារបស់ឯកអគ្គរាជទូតតែម្នាក់ឯងនោះទេ តែជារបស់នៃបណ្ដាសហគមន៍ សមាគម មូលនិធិខ្មែរ បណ្ដាញស្រ្តីខ្មែរមានស្វាមីកូរ៉េ ក្រុមការងារស្ថានទូត និងសហគមន៍ខ្មែរទាំងអស់នៅកូរ៉េខាងត្បូង។

ពានរង្វាន់ “ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០១៧” បានផ្ដល់ជូនកម្ពុជាដោយបានវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងនូវការបំពេញតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ គ្រប់វិស័យរវាងកម្ពុជា-កូរ៉េ និងការរៀបចំខួបលើកទី២០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ, ការដឹកនាំសម្របសម្រួលកិច្ចការងារសមាគមទូតអាស៊ាននៅកូរ៉េដែលកម្ពុជាជាប្រធាន, ការដឹកនាំសម្របសម្រួលរៀបចំកម្មវិធីអបអរសាទរខួបគម្រប់ ៥០ឆ្នាំនៃការបង្កើតសហគមន៍អាស៊ាន និងជាពិសេសការងារដឹកនាំ ដោះស្រាយ គាំពារ បម្រើប្រយោជន៍ជាតិ-ប្រជាជន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។

បន្ថែមពីលើមោទនភាព កិត្យានុភាពជាតិ ពានរង្វាន់នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលបានដើរតួរយ៉ាងសំខាន់ជាកម្លាំងចលករក្នុងការជម្រុញ និងលើកទឹកចិត្តបន្ថែម ដល់​បណ្ដាសហគមន៍ សមាគម មូលនិធិខ្មែរ បណ្ដាញស្រ្តីខ្មែរមានស្វាមីកូរ៉េ ក្រុមការងារស្ថានទូត និងសហគមន៍ខ្មែរទាំងអស់នៅកូរ៉េ ជាពិសេសក្រុមការងារស្ថានទូត ឲ្យបន្ដកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបម្រើ ការពារផលប្រយោជន៍ជាតិ និងប្រជាជន៕