សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុវត្ថិភាព


ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​ជា​នា​យករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រ​ជាមានិតចិន ប្រកបដោយសុវត្ថិភាព កាល​ពី​វេលាម៉ោង១៣ និង២៥នាទី ម៉ោងនៅរដ្ឋធានី​ប៉េ​កាំង ប្រទេសចិន ត្រូវនឹងម៉ោង១២ និង២៥នាទី ម៉ោងនៅ​រាជ​ធានី​ភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បី​​អញ្ជើញ​ចូលរួម​កិច្ចសន្ទនាថ្នាក់ខ្ពស់ រវាង​គណ​បក្ស​កុម្មុយនីស្តចិន ជាមួយគណបក្ស​ន​យោ​បាយនានា លើពិភព​លោក ដែល​នឹងប្រារព្ធ​ធ្វើ​ឡើ​ង​ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដែលជាការតបតាមការអញ្ជើញ​របស់​បក្ស​កុម្មុ​យ​នីស្តចិន។

​បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា យន្តហោះពិសេសរបស់​ព្រះ​រា​ជា​ណាចក្រកម្ពុជា ជើង​ហោះ​ហើរ​លេខ០០១ បានធ្វើការចុះ​ចត​ប្រកបដោយសុវត្ថិភាព នៅ​​ឯអាកាស​យានដ្ឋាន​អន្តរជាតិប៉េកាំង ក្រោមវត្តមាននៃការអញ្ជើញធ្វើគារវកិច្ចស្វាគមន៍​យ៉ាង​ស្និ​ទ្ធ​​ស្នាល​រាក់ទាក់បំផុតពី ឯកឧត្តម វ៉ាង យ៉ា​ជុន អនុរដ្ឋមន្រ្តីនៃគណៈទាក់ទង ការបរទេស នៃ​គណៈ​កម្មាធិការ​មជ្ឈិម​​បក្សកុម្មុយនីស្តចិន លោកជំទាវ ខែក កែម៉ា​លី ស៊ីសូដា ឯកអគ្គរាជទូត​វិសា​មញ និងពេញសមត្ថភាពរបស់ ព្រះរាជា​ណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជា​មា​និត​ចិន ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុ​យនីស្តចិន រដ្ឋាភិបាលចិន និងឥស្សរជនការទូតរបស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សា​ធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប។

​តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី នឹងអញ្ជើញ​ជួបពិភាក្សា ការងារជាមួយ ឯកឧត្តម
ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈ​កម្មា​ធិការ​មជ្ឈិមបក្ស កុម្មុយនីស្តចិន និង​ជាប្រធានាធិបតីនៃសាធារណរដ្ឋ​ប្រជា​មា​និតចិន នារ​សៀ​ល​ថ្ងៃទី០១ ខែធ្នូ មុនពិធីបើកកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយ​គ​ណ​បក្ស​នយោ​បាយ​នានាលើពិភពលោក ដែលគ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃដដែលនោះដែរ។

​ជា​មួយ​គ្នានេះ សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញ​ថ្លែង​​សុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃ​កិច្ច​សន្ទនាកម្រិតខ្ពស់ រវាង​គណ​បក្សកុ​ម្មុយ​នីស្តចិន ជាមួយគណបក្សនយោបាយ​នានា លើពិភពលោក ក្រោមប្រធានបទ «រួមគ្នា​ក​សា​ង​​សហគមន៍នៃអនាគតរួម សម្រាប់មនុស្សជាតិ និងពិភពលោកស្រស់ត្រកាល ការទទួល​ខុសត្រូវរបស់គណបក្សនយោបាយ» រួមទាំងការអញ្ជើញ​ទស្សន​កិច្ច​តំបន់ប្រវត្តិសាស្រ្តមួយ​ចំនួ​ន ក្នុងរដ្ឋធានីប៉េកាំង និងជួបជាមួយបណ្តាក្រុម ហ៊ុនចិនមួយចំនួន ដែលកំពុង​វិនិយោគ​ក្នុង​ប្រ​ទេ​សកម្ពុជាផងដែរ៕