សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់ព្រែកតាសេក


ថ្ងៃសុក្រ ទី១៣កើត ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ និងអាជ្ញាធរ សង្កាត់ព្រែកតាសេក នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់ពីស្តាប់អាជ្ញាធរសង្កាត់ភូមិ និងប្រជាពលរដ្ឋ ជម្រាបរាយការណ៍ អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន និងអំពីជីវភាពរស់នៅប្រចាំថ្ងៃ ការប្រកបមុខរបររកស៊ី និងធ្វើការងាររបស់បងប្អូន សម្តេចភក្តី បាននាំនូវការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំជូនចំពោះបងប្អូន  ហើយព្រមជាមួយនេះ សម្តេច ក៏បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗរបស់សង្គមជាតិយើង និងបានផ្តាំផ្ញើ សូមអាជ្ញាធរសង្កាត់ភូមិ និងបងប្អូនប្រជាពលរដ្ឋរួមសាមគ្គីឯកភាពគ្នា លើកកម្ពស់ជីវភាពរស់នៅ ការងារ និងរួមគ្នាកសាងអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើនឡើង ជាពិសេសការពារសុខសន្តិភាពរបស់សង្គមជាតិយើងសព្វថ្ងៃ ដែលយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែង និងពុះពាររាល់ឧបសគ្គការលំបាកយ៉ាងច្រើនមហិមាទើបទទួលបានដូចសព្វថ្ងៃនេះ។

ក្នុងឱកាសនោះ ដើម្បីជាការជួយសម្រួល និងដោះស្រាយសំណូមពរការលំបាកនៅមូលដ្ឋាន សម្តេចប្រធានព្រឹទ្ធសភា បានដោះស្រាយថវិកា មួយចំនួន ជាជំហានដំបូងជូនក្រុមប្រឹក្សាសង្កាត់ សម្រាប់យកទៅដំណើរការជួសជុលផ្លូវលំមួយខ្សែ ដែលមានប្រវែង ៦៥០០ម៉ែត្រ ស្ថិតនៅភូមិ ព្រែកតាគង់ ព្រែករាំង និងព្រែកតារ័ត្ន ក្នុងសង្កាត់ព្រែកតាសេក ដើម្បីជូនប្រជាពលរដ្ឋប្រើប្រាស់។