អំណោយមនុស្សធម៌ របស់មូលនិធិសង្គមអគ្គសនីកម្ពុជាត្រូវបានចែកជូនដល់ដៃ ប្រជានេសាទ ចំនួន៥០០គ្រួសារ មកភូមិចំនួន៣


អំណោយមនុស្សធម៌ របស់មូលនិធិសង្គមអគ្គសនីកម្ពុជា តាមរយៈលោក នូ សុខុន ទីប្រឹក្សាអគ្គិសនីកម្ពុជា តំណាងឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គសនីកម្ពុជា ត្រូវបានចែកជូនដល់ដៃ ប្រជានេសាទ ចំនួន៥០០គ្រួសារ មកភូមិចំនួន៣ ក្នុងឃុំរាំងទិល សម្រាប់ដោះស្រាយ និងប្រើប្រាស់បឋម ក្នុងពេលដែលភ្លៀងធ្លាក់ជាប់ៗគ្នា ខកខានចេញទៅនេសាទ។

ពិធីនេះធ្វើឡើងនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅបរិវេណដីទួល នៃសាលាបឋមសិក្សារាំងទិល ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងបានការចូលរួមពី អាជ្ញាធរស្រុក ឃុំ ក្រុមការងារចុះជួយឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានដោះស្រាយសំណូមពររបស់ប្រជានេសាទ ពាក់ព័ន្ធនឹងការចាត់វិធានការគ្មានការលើកលែង លើចោរដែលលួចឧបករណ៍នេសាទប្រជាពលរដ្ឋ, បំបាត់កាណូតស្មាច់ដែលដាក់ម៉ាស៊ីនធំ ដោយមានសិទ្ធិប្រើត្រឹមតែម៉ាស៊ីនប៊ីស្តុង តាំងម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំង និងបានចែកអំណោយមនុស្សធម៌ របស់មូលនិធិអគ្គិសនីកម្ពុជា ជូនដល់ប្រជានេសាទទាំង ៥០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ៕