ព្រឹត្តិការណ៍កីឡា RAID Amazones លើកទី២ បានប្រព្រឹត្តធ្វើនៅលើទឹកដីប្រវត្តិខេត្តសៀមរាប


នៅព្រឹកថ្ងៃ ១រោច ខែ មិគសិរ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃ ច័ន្ទ ទី ០៤ ខែ ធ្នូ ឆ្នាំ២០១៧ ព្រឹត្តិការណ៍កីឡា RAID Amazones ត្រូវបានបើកដំណើរការឡើង នៅសណ្ឋាគារ ប៉ារ៉ាឌីអង្គរ វីឡា ខេត្ត សៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត ដោយមានកីឡាការីចូលរួម ចំនួន ៣៧៦នាក់ផងដែរ ។

ព្រឹត្តិការណ៍កីឡា RAID Amazones នេះកម្ពុជាក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះម្តងរួចមកហើយពីឆ្នាំ២០១៤ និងទទួលបានជោគជ័យជាខ្លាំងនៅលើទឹកដីខេត្តសៀមរាប ។ សម្រាប់ឆ្នាំ២០១៧ ព្រឹត្តិការណ៍កីឡានេះបានប្រព្រឹត្តជាលើកទី២នៅលើទឹកដីអង្គរនៃ យើង ដែលចាប់ដំណើរការរបស់ខ្លួនពីថ្ងៃទី៤ ដល់ ទី៩ ខែ ធ្នូនេះ ។

ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យពិភពលោកកាន់តែបានស្គាល់ពីវិស័យទេសចរណ៍ និង តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រកម្ពុជា កាន់តែច្បាស់ថែមទៀត ។

តាមការបញ្ជាក់របស់លោក ALEXANDER បានឲ្យដឹងថា ដោយភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១៤ ទើបធ្វើឲ្យមានអ្នកចាប់អារម្មណ៍ចូលរួមច្រើនជាងឆ្នាំមុន ហើយត្រូវបានក្រុមការងារត្រូវរៀបចំ២ដងបន្ថែមទៀតសម្រាប់កម្ពុជាលើទឹកដីអង្គរនេះ គឺលើកទី១ នៅខែធ្នូ ចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៩ ឆ្នាំ២០១៧ មានបេក្ខភាពចូលរួម ៣៧៦នាក់ មានវិញ្ញាសារចំនួន៤គឺ ជិះកង់ ចែវទូក រត់ប្រណាំង និង បាញ់ធ្នូ ហើយចំណែកលើកទី២ គឺធ្វើនៅ ខែមីនា ឆ្នាំ២០១៨ ។

ក្នុងថ្ងៃដំបូងនេះ ក្រុមកីឡាការី បានធ្វើការប្រកួតលើវិញ្ញាសារ រត់ប្រណាំង ដោយរត់កាត់ព្រៃក្នុងតំបន់អង្គរ ដោយបានឆ្លងកាត់អូរ ប្រឡាយជាច្រើនកន្លែង ចាប់ពីចំណុចស្ពានអង្គរ ឆ្ពោះទៅកាន់ប្រាសាទតាព្រហ្ម ដែលមាន ចម្ងាយ ២០គីឡូម៉ែត្រ ៕