សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ


ថ្ងៃអង្គារ៍ ២រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីស្តាប់អាជ្ញាធរសង្កាត់ភូមិ និងប្រជាពលរដ្ឋជម្រាបរាយការណ៍ អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន និងអំពីជីវភាពរស់នៅប្រចាំថ្ងៃ ការប្រកបមុខរបររកស៊ី និងធ្វើការងាររបស់បងប្អូន សម្តេចភក្តី បាននាំនូវការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំជូនចំពោះបងប្អូនហើយព្រមជាមួយនេះ សម្តេចក៏បានជម្រាបជូនអំពីសភាពការណ៍វិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ និងបានផ្តាំផ្ញើសូមអាជ្ញាធរសង្កាត់ភូមិសាមគ្គីឯកភាពគ្នា និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសអនុវត្តគោលបយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ផ្តោតជាសំខាន់លើគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពក្នុងនោះសូមយកចិត្តទុកដាក់លើបញ្ហាបង្រ្កាបរាល់បទល្មើសលួចប្លន់, គ្រឿងញៀន និងល្បែងស៊ីសងជាដើម។ ព្រមជាមួយនោះដែរ សូមបង្កើនការយកចិត្តទុកដាក់ចំពោះការបម្រើនិងផ្តល់សេវាសាធារណៈ អោយបានល្អឆាប់រហ័ស និងកុំបង្កអោយមានភាពអសកម្មប៉ះពាល់ដល់ជាប្រយោជន៍ ដែលធ្វើអោយប្រជាជនយើងថ្នាំងថ្នាក់ និងជៀសវាងពេលដែលមានបញ្ហាប្រជាជនជួបគ្រោះមហន្តរាយ ឬទុក្ខលំបាកធ្ងន់ធ្ងរ ហើយអាជ្ញាធរ និងសមត្ថកិច្ចយើងមិនបានដឹង មិនបានជួយដោះស្រាយ… ពោលគឺរាល់សភាពការណ៍ និងការលំបាកសុខទុក្ខរបស់ប្រជាជនត្រូវហ៊ានរាយការណ៍ដោយស្មោះត្រង់ ស្នើសុំអោយថ្នាក់លើជួយដោះស្រាយ។

មុននឹងបញ្ចប់សម្តេចប្រធានព្រឹទ្ធសភា បានក្រើនរំលឹកអំពីបញ្ហាសាមគ្គីឯកភាព និងកិច្ចសហការ ការងារល្អរវាងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញ និងមហាជន ប្រជាជន ដើម្បីចូលរួមចំណែកកាន់តែសកម្មក្នុងការកសាង អភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនឡើងថែមទៀត។

ក្នុងឱកាសនោះដែរ ដើម្បីជាការជួយសម្រួល និងដោះស្រាយសំណូមពរការលំបាកនៅមូលដ្ឋាន សម្តេចប្រធានព្រឹទ្ធសភា បានរួមចំណែកឧបត្ថម្ភថវិកា ចំនួន ២,០០០,០០០៛ ក្នុងមួយខែ សម្រាប់ជួយឧបត្ថម្ភការងារសង្គមកិច្ចនៅក្នុងមូលដ្ឋាន និងបានណែនាំអោយផ្នែកជំនាញរៀបចំជាគម្រោងប្លង់សាងសង់អាគារទីចាត់ការថ្មី១ខ្នងជូនដល់បឋមសិក្សាភ្លើងឆេះរទេះ ដែលស្ថិតក្នុងភូមិទួលកី ដើម្បីសម្តេចនឹងចាត់បញ្ជូនក្រុមការងារមកសាងសង់ជូននាពេលខាងមុខ។