ឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំក្រុមការងាររបស់សមាគមសិស្ស-និស្សិតអាហារូបករណ៏សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត (អ.ម.ត) ធ្វើទស្សនកិច្ចក្នុងប្រទេសចិន


ខេត្តជឿជាំង ប្រទេសចិន, ថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ហ៊ុន ម៉ាណែត បាន ដឹកនាំក្រុមការងាររបស់សមាគមសិស្ស-និស្សិតអាហារូបករណ៏សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត (អ.ម.ត) ធ្វើទស្សនកិច្ចដើម្បីស្វែងរកអាហារូបករណ៏សម្រាប់ផ្តល់ជូនប្អូនៗនិងក្មួយៗនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន។
ជាលទ្ធផល សមាគម អ.ម.ត បានបញ្ជូនប្អូនៗនិស្សិតកម្ពុជាចំនួន ២០នាក់ (ស្រី ១១នាក់) ទៅសិក្សានៅសាកលវិទ្យាល័យ Zhejiang Ocean University ថ្នាក់បរិញ្ញាប័ត្រ រយៈពេល ៥ឆ្នាំ (ដោយនិស្សិតម្នាក់ៗបានទទួលការសិក្សានិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងបានទទួលប្រាក់ឧបត្ថមប្រចាំខែមួយចំនួនសម្រាប់ការចំណាយផ្សេងៗ)។ សមាគម អ.ម.ត ក៏បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ Zhejiang Ocean University ដើម្បីបន្តបញ្ជូននិស្សិតកម្ពុជាដែលមានបំណងសិក្សានៅសាកលវិទ្យាល័យនោះ បន្ថែមទៀតសម្រាប់ឆ្នាំសិក្សាបន្តបន្ទាប់។
ក្រៅពីនោះសមាគមអាហារូបករណ៏ អ.ម.ត ក៏បានចុះ MOU ជាមួយរដ្ឋបាលនៃទីក្រុង Beilu ក្នុងខេត្តជឿជាំង ដើម្បីអាចបញ្ជូននិស្សិតកម្ពុជាដែលមានបំណងទៅសិក្សានៅប្រទេសចិន ទៅសិក្សានៅវិទ្យាស្ថានពហុបច្ចេក និងនៅតាមបណ្តាសាកលវិទ្យាល័យមួយចំនួនទៀតនៅក្នុងខេត្តជឿជាំង ក្រោមកម្មវិធីអាហារូបករណ៏ដែលសមាគមអ.ម.ត បានចរចារនិងឯកភាពជាមួយភាគីចិន។
ឆ្លងតាមរយៈលទ្ធផលនេះ សមាគមសិស្ស-និស្សិតអាហារូបករណ៏សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត (អ.ម.ត) សង្ឃឹមថានឹងអាចជួយបង្កលក្ខណៈអោយប្អូនៗនិងក្មួយៗនិស្សិតជាច្រើនទៀត ដែលមានបំណងទៅសិក្សាជំនាញបច្ចេកទេស ឬថ្នាក់ឧត្តមសិក្សានៅប្រទេសចិន អាចមានលទ្ធភាពសម្រេចបំណងរបស់ខ្លួនបាន។