សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យឯកឧត្តម ពីង ហ្សីកាង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនចូលជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអនុញ្ញាតឲ្យឯកឧត្តម ពីង ហ្សីកាង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនខេត្តលាវនីញនិងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភាជាតិ ក្នុងឳកាសដែលឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងជំនួបនោះ ឯកឧត្តម ពីង ហ្សីកាង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាប្រជាជនចិនខេត្តលាវនីញមានប្រសាសន៍ជម្រាបជូនសម្តេច ប្រធានរដ្ឋសភាថាចំណងមិត្តភាពកម្ពុជា ចិនមានទំនាក់ទំនងល្អជាមួយគ្នាជាយូរ មកហើយតាមរយៈថ្នាក់ដឹកនាំជំនាន់មុនៗ ហើយកម្ពុជា-ចិន បច្ចុប្បន្នមានទំនាក់ទំងជាមួយគ្នាយ៉ាងជិតស្និទ្ធ។
ឯកឧត្តម ពីង ហ្សីកាង បានបញ្ជាក់ទៀតថាថ្នាក់ដឹកនាំកម្ពុជា ចិនជំនាន់ក្រោយបានពង្រឹងកិច្ចសហការជាមួយគ្នាយ៉ាងរឹងមាំហើយបានក្លាយជា”ទំនាក់ទំនងមិត្តភាពដែកថែប”។
ឯកឧត្តម ពីង ហ្សីកាង បានបញ្ជាក់ទៀតថាគោលបំណង នៃដំណើទស្សនកិច្ច របស់ឯកឧត្តមនិងគណៈប្រតិភូខេត្តលាវ និញ មកកម្ពុជា នាពេលនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្ត សៀមរាប និងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយខេត្តលាវនីញប្រទេសចិន។
ឯកឧត្តម ពីង ហ្សីកាង បានសន្យាជំរុញ អ្នកវិនិយោគពីខេត្តលាវនីញ មកបណ្តាក់ទុននៅកម្ពុជា ឲ្យបានកាន់តែច្រើន និងមានគម្រោងបង្កើតតំបន់ឧស្សាហកម្ម និងទីផ្សារពាណិជ្ជកម្មនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យបានកាន់តែខ្លាំងក្លាតាមរយៈលើកទឹកចិត្តអ្នកវិនិយោគចិនមកកម្ពុជា ឲ្យបានច្រើនហើយប្រែក្លាយសមិទ្ធផលនេះជាផ្លែផ្កាជាក់ស្តែងនៃគម្រប់ខួប៦០ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិន។
ជាការឆ្លើយបតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានមានប្រសាសន៍បញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តម ពីង ហ្សីកាង អនុប្រធានគណៈ កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាប្រជាជនចិនខេត្តលាវនីញនិងគណៈ ប្រតិភូ បានបន្តពូនជ្រំចំណងមិត្តភាពរវាង ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ហើយទស្សនកិច្ចនេះស្របពេលដែលកម្ពុជា-ចិនត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរខួបទំនាក់ ទំនងការទូតកម្ពុជា ចិនលើកទី៦០ឆ្នាំនិងប្រព្រឹត្តទៅនៅឆ្នាំ២០១៨ខាងមុខ។
សម្តេចអគ្គមហាពញាចក្រីហេង សំរិន មានប្រសាសន៍បន្តថាបច្ចុប្បន្នទំនាក់ ទំនងមិត្តភាពកម្ពុជា ចិន មានភាពល្អប្រ សើរជាងពេលណាទាំងអស់ហើយជាច្ឆន្ទៈ រួមនៃថ្នាក់ដឹកនាំប្រទេសទាំងពីរគឺបន្តពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំបន្ថែមទៀតទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។
ជាមួយគ្នានោះដែរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវការកោតសរសើរផងដែរចំពោះសមាគមមិត្តភាពកម្ពុជា ចិនដែលដឹកនាំដោយ ឯកឧត្តម ឯក សំអុល បានដើរតួនាទីយ៉ាងសំខាន់ផ្សាភ្ជាប់ទំនាក់ទំនងកម្ពុជា-ចិន លើផ្នែកអប់រំ វប្បធម៌ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទទួលបានជោគជ័យ។
សម្តេចប្រធានរដ្ឋសភា បានស្នើរសុំឲ្យឯកឧត្តម ពីង ហ្សីកាង ជួយជំរុញអ្នកវិនិយោគពីខេត្តលាវនីងនិងទេសចរណ៌មកបណ្តាក់ទុននិងមកទស្សនានៅកម្ពុជាឲ្យបានកាន់តែច្រើន៕