ឯកឧត្តម វេង សាខុន រៀបចំពិធីសំណេះសំណាលបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងពិព័រណ៌ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម


នៅព្រឹកថ្ងៃពុធ ០៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា គ.ស២០១៧ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង មានរៀបចំពិធីសំណេះសំណាលបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងពិព័រណ៌ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
ជាកិច្ចចាប់ផ្តើម លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានលើកឡើងអំពីវឌ្ឍនភាពការងាររបស់មន្ទីរ ក្នុងរយៈពេលកន្លងមក ដោយបានរំលេចចេញឲ្យឃើញនូវស្ថានភាពជាក់ស្តែង សមិទ្ធផល បញ្ហាប្រឈមនានា និងទិសដៅការងារគ្រប់វិស័យពាក់ព័ន្ធនឹងកសិកម្មឆ្នាំ២០១៨ នៅក្នុងខេត្តព្រៃវែង។ ជាលទ្ធផល តាមរយៈការព្យាករណ៌ទិន្នផលស្រូវនៅខេត្តព្រៃវែង ឆ្នាំ២០១៧ នេះអាចនឹងទទួលបានរហូតដល់ទៅ ១,២លានតោន ទន្ទឹមនឹងចំនួនប្រជាជនសរុបមានប្រមាណ ១,២លាននាក់ប៉ុណ្ណោះ។ ហើយបច្ចុប្បន្នខេត្តព្រៃវែងបាន និងកំពុងដំណើរគម្រោងពីរសំខាន់គឺ គម្រោងជំរុញផលិតកម្មស្បៀង ដែលផ្តោតលើការបង្កើតក្រុមផលិតបន្លែ ការគាំទ្រសហគមន៍កសិកម្ម ការផលិតពូជស្រូវនិងការផលិតស្រូវចំណីតាមកិច្ចសន្យាជាមួយរោងម៉ាស៊ីន ដោយឡែកគម្រោងអភិវឌ្ឍន៍កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍វិស័យកសិកម្មខេត្តព្រៃវែង សម្រាប់កសិករចំនួន ១២ ២០០គ្រួសារ តាមរយៈការគាំទ្រលើក្រុមកែលម្អទុន និងការបង្កើតក្រុមបណ្តុំអាជីវកម្មកសិកម្មនិងផលិតកម្មសត្វជាដើម។
បន្ទាប់មក ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងពិធីនេះ និងបានលើកឡើងពីការអភិវឌ្ឍនានានៅក្នុងខេត្តដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ការពង្រឹងអភិបាលកិច្ចនិងសមត្ថភាពមន្រ្តីរាជការសំដៅបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ និងការពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រួមទាំងការអភិវឌ្ឍវិស័យកសិកម្មផងដែរ ដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចំណែកក្នុងការសម្រេចបាននូវលទ្ធផលសំខាន់ៗ ដូចមានក្នុងសេចក្តីរាយការ ដែលជាកត្តាជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិជារួម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីការខិតខំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេសធំៗ ឲ្យមកវិនិយោគលើការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅកម្ពុជា ដែលមានសក្តានុពលផលិតខ្ពស់ដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី ផ្លែស្វាយ ចំណីសត្វ និងផលិតផលមួយចំនួនទៀត ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារពិភពលោក ដែលមានលក្ខណៈស្តង់ដារ និងគុណភាពខ្ពស់ ហើយមានភាពប្រកួតប្រជែង។ បន្ថែមពីនេះ ក្រសួងក៏កំពុងជំរុញឲ្យប្រជាកសិករធ្វើការកែប្រែពីការដាំដុះដំណាំដែលទទួលបានចំណូលទាប ទៅប្រភេទដំណាំដែលទទួលបានចំណូលខ្ពស់ ត្រូវតាមតម្រូវការទីផ្សារ និងធន់នឹងការប្រែប្រួលអាកាសធាតុ ដោយឡែកតំបន់មួយចំនួនត្រូវជំរុញការចិញ្ចឹមសត្វជាពិសេស ការចិញ្ចឹមគោ ដែលជួយឲ្យកសិករមានលទ្ធភាពរកចំណូលបានសមរម្យនិងរត់តាមទាន់កំណើនសេដ្ឋកិច្ចជាតិ។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើឲ្យមន្រ្តីរាជការគ្រប់ៗរូប យកចិត្តទុកដាក់លើការងារនិងបំពេញការងារឲ្យបានល្អ ជៀសវាងការមើលបំណាំថ្នាក់ដឹកនាំនិងអ្នករួមការងារ ធ្វើការចែករំលែកការងារគ្នា មានភាពច្នៃប្រឌិត មានភាពទទួលខុសត្រូវនិងគណនេយ្យភាពក្នុងការងារ។