ឯកឧត្តម សុខ ឥសាន ថា វប្បធម៌សន្ទនាអាចផ្អាកឬបន្ដ ទាល់តែចាំមើលស្ថានការណ៍នយោបាយសិន


(ភ្នំពេញ) ៖ ខណៈដែល​អ្នកវិភាគ​មួយចំនួន បានឃើញ​ស្ថានការណ៍​នយោបាយ កំពុង​ឡើងក​ម្ដៅ​តាមរយៈ​ពាក្យសម្ដី រវាង​គ្នា​ទៅវិញទៅមក​ពី​ថ្នាក់​ដឹក​​នាំ​គណបក្ស​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ឯកឧត្តម ​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ថា​មិន​​មែន​ជាការ​ឡើងក​ម្ដៅ ដូច​ការលើកឡើង​រប​ស់​មជ្ឈដ្ឋាន​មួយចំនួន​នោះទេ​។
​អ្នកនាំពាក្យ​ រូបនេះ​បានចាត់ទុក ស្ថានការណ៍​នយោបាយ នាពេល​បច្ចុប្បន្ននេះ មិនមែនជា​ការឡើង​កំដៅ​ដូច​ការលើកឡើង​របស់​មជ្ឈដ្ឋាន​មួយចំនួន​នោះ​​ទេ ប៉ុន្តែ​ផ្ទុយ​មកវិញ ប្រជាពលរដ្ឋ កំពុង​រស់នៅ​ក្រោម​ដំបូល​សន្តិភាព ហើយ​អ្វីដែល​កើតឡើង​ទៅលើ​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺពាក់ព័ន្ធ​ផ្នែក​ច្បាប់​​ដាច់ដោយឡែក​ទេ​។​
​នៅ​រសៀល​ថ្ងៃ​ពុធ​ទី​ ២៧ ខែមេសា ឆ្នាំ​២០១៦​នេះ ឯកឧត្តម ​សុខ ឥសាន បានបញ្ជាក់​ពី​វប្បធម៌​សន្ទនា​ថា “​អត់​មាន​ទេ រឿង​ទៅមុខ​ក៏​អត់​ទាន់​ដឹង​ដែរ គឺ​យើង​រង់​ចាំមើល​សភាពការណ៍​សិន ពីព្រោះ​វប្បធម៌​សន្ទនា​នេះ គឺមាន​អត្ថន័យ​របស់​វា​ច្បាស់លាស់ គឺ​ការពិភាក្សាគ្នា លើ​ផ្នែក​នយោបាយ​តែ​មិន​គ្រប​​ដណ្ដប់​ដោយ​ផ្លូវច្បាប់​ទេ​”​។​

​ឯកឧត្តម ​សុខ ឥសាន ក៏បាន​បញ្ជាក់ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្នុងស្ថានភាព​នាពេល​បច្ចុប្បន្ន​គឺ​គ្មាន​អ្វីដែល​គណបក្ស​ទាំង​២​នឹង ត្រូវ​ជួបគ្នា​ពិភាក្សាគ្នា​នោះទេ​ព្រោះ​ថាបើ​មាន​ជំនួប​ក៏​គ្មានអ្វី ក្រៅពី​សុំឱ្យ​ដោះលែង​សកម្មជន​គណបក្សប្រឆាំង​នោះដែរ​។ សម្រាប់​គណបក្ស​កាន់​​អំណាច សំណុំរឿង​នាពេល​បច្ចុប្បន្ន​ដែលមាន​ការចាប់ខ្លួន​និង​ឃុំខ្លួន​តំណាងរាស្ត្រ ​និង​សកម្មជន គឺជា​រឿង​តុលាការ​តែប៉ុណ្ណោះ​។