លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញសម្ពោធសភាពាណិជ្ជកម្ម ខេត្តលាងនិញ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងការបង្កើតក្រុមប្រឹក្សាលើកទី១ ប្រចាំនៅកម្ពុជា


រាត្រីថ្ងៃទី៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសភាពាណិជ្ជកម្ម ខេត្តលាងនិញ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងការបង្កើតក្រុមប្រឹក្សាលើកទី១ ប្រចាំនៅកម្ពុជា ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ក៏បានកោតសសើរដល់ ឯកឧត្តម ពីង ជីកាង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជន ខេត្តលាងនិញ ដែលបានសម្រេចចិត្តមកបង្កើតសភាពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា ។ នេះជាការបញ្ជាក់ពីជំនឿទុកចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ការបង្កើតសភាពាណិជ្ជកម្មនាពេលនេះ ស្របពេលដែលកម្ពុជាមានស្ថានភាពសេដ្ឋកិច្ច និងស្ថេរភាពនយោបាយល្អ និងគោលនយោបាយគាំទ្រដល់អាជីវកម្ម។ លើសពីនេះទៅទៀតសភា ពាណិជ្ជកម្មពិតកាន់តែធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិនកាន់តែមានភាពរីកចម្រើនឡើងទ្វេរដង និង បានចូលរួមចំណែកក្នុងការកាត់បន្ថយនូវភាពក្រីក្រ ជម្រុញកំណើនសេដ្ឋកិច្ច ផ្តល់ចំណូល និងឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា និងជៀសបាននូវការធ្វើចំណាកស្រុក។
ជាទីបញ្ជប់លោកជំទាវក៏បានអំពាវនាវដល់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនផ្សេងទៀត ដែលមានបំណងចង់មកវិនិយោគ សូមចូលរួមវិនិយោគលើវិស័យនានាដែលកំពុងបើកទូលាយនៅ ព្រះរាជាណាចក្រកម្ពុជា៕