លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានចុះសំណេះសំណាល និងស្វែងយល់អំពី “ការរីកចម្រើនក្រុមស្រ្តី ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារជនបទ អាហារូបត្ថម្ភ និងអនាម័យ”


ដំណើរទស្សនៈកិច្ចនេះធ្វើឡើងក្នុងខេត្តចំនួន៣៖ ខេត្តកណ្តាល នៅស្រុកល្វាឯម ឃុំពាមអាជ្ញាអុង ភូមិព្រែកតាអុង លើសិប្បកម្មកន្ទេល និងការអនុវត្តការចំអិនបបរខាប់គ្រប់ គ្រឿងសម្រាប់កុមារអាយុក្រោម២ឆ្នាំ។
ខេត្តព្រៃវែង នៅស្រុកមេសាង ឃុំព្រៃឃ្នេស ភូមិព្រៃឃ្នេស លើសិប្បកម្មចង្អេរ ល្អី កញ្ជ្រែង ភ្ញាស់កូនមាន់ និងក្រុមអាហារូបត្ថម្ភ។
ខេត្តស្វាយរៀង ស្រុកស្វាយជ្រុំ ឃុំ ស្វាយជ្រុំ ភូមិ ស្វាយជ្រុំ លើសិប្បកម្ម អំបុក ស្ករត្នោត ត្បាញ កន្ទេល ទ្រូ និងអាហារូបត្ថម្ភ។
តាមរយៈការចុះសំណេះសំណាលជាមួយក្រុមកសិករ និងក្រុមម្តាយគំរូនៅតាមខេត្តទាំងបីនេះ ក្រុមកសិករ និងក្រុមម្តាយគំរូបាន សំណូមពរឲ្យគម្រោងអភិវឌ្ឍន៍កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច (PADEE) នៅតែបន្តទៅមុខទៀត ដើម្បីជួយដល់ការងារក្រៅកសិកម្មរបស់កសិករ ជាពិសេសស្រ្តីកសិករនិងស្រ្តីមេផ្ទះ។
តបតាមការសំណូមពរខាងលើនេះ លោកជំទាវរដ្ឋមន្រ្តី នឹងខិតខំសម្របសម្រួល ក៏ដូចជាស្វែងរកនូវគម្រោងនានា ដើម្បីជួយដល់ក្រុមស្រ្តីដែលប្រកបរបរក្រៅកសិកម្មនៅទីជនបទ។ ទន្ទឹមនឹងនេះ លោកជំទាវបានលើកទឹកចិត្តដល់ប្រជាកសិករដែលប្រកបរបរសិប្បកម្មឲ្យផលិតនូវវត្ថុកែច្នៃនានាប្រកបដោយការយកចិត្តលើគុណភាព និងអនាម័យខ្ពស់ ដើម្បីឈានទៅរកទីផ្សារអាស៊ាន។ លោកជំទាវបានបន្ថែមថា គម្រោង PADEE អនុវត្តស្របនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្នុងការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅសហគមន៍ ដែលចំណុចនេះតែងតែទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
គួរបញ្ជាក់ផងដែរថាផលិតសិប្បកម្ម និងការកែច្នៃចំណីអាហារនៅតាមបណ្តាខេត្តគោលដៅទាំង៥ របស់(PADEE) មួយចំនួនត្រូវបាននាំចេញទៅក្រៅប្រទេស និងមួយចំនួនត្រូវបានដាក់បញ្ចូលក្នុងភូមិមួយ ផលិតផលមួយរបស់ខេត្ត។ បច្ចុប្បន្ននេះស្រ្តី និងគ្រួសាររបស់ស្រ្តីនៅក្នុងតំបន់គោលដៅ ចំនួនប្រមាណ ៥០៨០គ្រួសារបាននឹងកំពុងប្រកបមុខរបរបង្កើនប្រាក់ចំណូលលើមុខរបរប្រមាណ៣០មុខរបរនៅសហគមន៍ ក្នុងនោះផងដែរក្រសួងកិច្ចការនារី បានបង្កើនការយល់ដឹង និងផ្លាស់ប្តូរឥរិយាបថយេនឌ័រ និងអាហារូបត្ថម្ភដល់ក្រុមកសិករគោលដៅប្រមាណ ៩៨០០គ្រួសារ និងបណ្តាញម្តាយគំរូចំនួន៣៣ក្រុម។
គួររំលឹកផងដែរថា គម្រោងអភិវឌ្ឍន៍កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច (PADEE) ទទួលថវិកាពីរាជរដ្ឋាភិបាលកម្ពុជា និងIFAD ក្នុងគោលបំណង លើកកម្ពស់ជីវភាពរស់នៅរបស់កសិករ តាមរយៈការគាំទ្រសេវាកសិកម្ម និងសកម្មភាពប្រភពចំណូលចំរុះ និងការកាត់បន្ថយកង្វះអាហារូបត្ថម្ភដល់កុមារអាយុក្រោម២ឆ្នាំ ក្នុងខេត្តគោលដៅចំនួន០៥ ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពត និងកណ្តាល។ គម្រោងនេះដឹកនាំ និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធ ។