សម្តេច សាយ ឈុំ អញ្ជើញគោរពវិញ្ញណក្ខ័ន្ធសពឯកឧត្តម អ៊ឹម សិទ្ធី


រសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខគ្រួសារសព ឯកឧត្តម អ៊ឹម សិទ្ធី សមាជិកគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាព កាលពីម៉ោង៤:៥០នាទីទៀបភ្លឺ ព្រឹកថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ សម្តេច សូមចូលរួមរំលែកទុក្ខ ប្រកបដោយសេចក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឯកឧត្តម អ៊ឹម សិទ្ធី ដែលជាការបាត់បង់ស្វាមី បិតា ជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហាធម៌ និងការបាត់បង់ឥស្សរជនខ្មែរដ៏ឆ្នើមមួយរូបដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីពេញមួយជីវិត បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានខិតខំយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ សពឯកឧត្តម អ៊ឹម សិទ្ធី កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅភូមិគ្រឹះ នាផ្លូវលេខ១៩៧០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕