ប្រជានេសាទចំនួន ៧១គ្រួសារ បានទទួលអំណោយមនុស្សធម៌ របស់មូលនិធិសង្គមអគ្គសនីកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត ម៉ៅ ធនិន


នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ បានទទួលអំណោយមនុស្សធម៌ របស់មូលនិធិសង្គមអគ្គសនីកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត ប្រាង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំស្នាអន្សា តំណាងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គសនីកម្ពុជា។

ពិធីនេះប្រារព្ធធ្វើឡើងក្នុងសាលាបុណ្យបណ្តែតទឹក (លើផ្ទៃទឹកបឹងទន្លេសាប) ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងបានការចូលរួមពី អាជ្ញាធរស្រុក ឃុំ ក្រុមការងារចុះជួយឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានដោះស្រាយសំណូមពររបស់ប្រជានេសាទ ពាក់ព័ន្ធនឹងការបំបាត់កាណូតស្មាច់ដែលដាក់ម៉ាស៊ីនធំ ដោយមានសិទ្ធិប្រើត្រឹមតែម៉ាស៊ីនប៊ីស្តុង ទាំងម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំង និងបន្ធូរបន្ថយឲ្យប្រើឧបករណ៍នេសាទ (មងបណ្តូលល្ពៅក្រឡាល្អិត) សម្រាប់នេសាទជាលក្ខណៈគ្រួសារ តែត្រូវគោរពតាមច្បាប់ជលផល។ ចំពោះសំណូមពរកាលពីមុនទាក់ទងនឹងដីសម្រាប់អាស្រ័យផល ក្នុងរដូវទឹកស្រកនោះ ឯកឧត្តមបានត្រៀមរៀបចំជាមួយក្រុមការងាររួចរាល់ហើយ ដោយឡែកចំពោះការស្តារប្រឡាយ ឯកឧត្តមនឹងឲ្យក្រុមការងារដាក់គ្រឿងចាក់កាយជូន នៅពេលទឹកស្រកបន្តិច។

ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តមបណ្ឌិត ប្រាង ជលសា ក៏បានចែកជូនអំណោយមនុស្សធម៌មូលនិធិអគ្គិសនីកម្ពុជា ដល់ដៃប្រជានេសាទទាំង ៧១គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា២ម៉ឺនរៀល សម្រាប់ជាស្បៀងទប់ទល់ ក្នុងពេលភ្លៀងធ្លាក់ជាប់ៗគ្នា៕