ស្ថានីយប្រព័ន្ធខ្សែជាតិបញ្ជូនថាមពលដាក់សម្ពោធ


Electricity 29 04 16 2 copy

     ស្ថានីយ៍​ប្រព័ន្ធ​ខ្សែ​ជាតិ​បញ្ជូន​ថាមពល​អគ្គសនី​តង់​ស្យុង​ខ្ពស់ តម្លៃ​ជាង ៨០​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ដាក់​សម្ភោធ​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​ហើយ ។

     ប្រព័ន្ធ​បញ្ជូន​ខ្សែ​ជាតិ​នេះ ត្រូវ​គេ​បញ្ជាក់​ថា នឹង​ធានា​ឲ្យ​ប្រជា​ជន​រាប់​លាន​នាក់​ក្នុង​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​កំពង់ស្ពឺ មាន​អគ្គិសនី​ប្រើ​ប្រាស់​គ្រប់​គ្រាន់ ។ ពិធី​សម្ភោធ​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​ខ្សែ​ជាតិ​បញ្ជូន​ថាម​ពល​អគ្គសនី ជា​កង​តង់​ស្យុង​ខ្ពស់ ២៣០​គីឡូ​វ៉ុល និង ១១៥​គីឡូ​វ៉ុល បាន​ធ្វើ​ឡើង​នៅ​ខេត្ត​កណ្តាល ក្រោម​អធិបតី​រដ្ឋ​មន្រ្តី​ក្រសួង​រ៉ែ និង​ថាម​ពល ឯកឧត្តម ស៊ុយ សែម ។ ពិធី​នេះ​ ក៏​មាន​ការ​ចូល​រួម​ពី​​ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា លោក​ជំទាវ Bu Jianguo… អគ្គ​នាយក​អគ្គសនី​កម្ពុជា​… មន្រ្តី​ពាក់​ព័ន្ធ… សិស្ស និស្សិត ប្រជាពលរដ្ឋ ជា​ច្រើន​រយ​នាក់ ។

     ប្រតិភូ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ទទួល​បន្ទុក​អគ្គិសនី​កម្ពុជា ឯកឧត្តម កែវ រតនៈ បាន​មាន​ប្រសាសន៍​ថា គម្រោង​ខ្សែ​បញ្ជូន​តង់​ស្យុង​ខ្ពស់​ជា​កង​នេះ បាន​ទទួល​ឥណ​ទាន​សម្បទាន​ពី​រដ្ឋាភិ​បាល​ចិន ចំនួន ៧៥​លាន ៨សែន ៧ម៉ឺន​ដុល្លារ​អាមេរិក និង​ថវិការ​បដិភាគ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ៤លាន ១ម៉ឺន​ដុល្លារ​អាមេរិក ។ ហើយ​អគ្គសនី​កម្ពុជា​ក៏​បាន​ចំណាយ​ថវិកា​ប្រមាណ ៣​លាន​ ៥សែន​ដុល្លារ​អាមេរិក ដើម្បី​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់ និង​ការងារ​បោស​សំអាត​មីន និង​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ផង​ដែ រ។

     ឯកឧត្តម កែវ រតនៈ បន្ត​ថា សំណង់​នេះ ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​របស់​ជាតិ​ ក្នុង​ការ​ពង្រឹង​វិសាល​ភាព​បញ្ជូន​ថាមពល​ ពី​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ជាតិ​ ចូល​មក​រាជ​ធានី​ភ្នំពេញ រហូត​ដល់​ ៧៥០​មេហ្គា​វ៉ាត់ ដែល​កាល​ពី​មុន​បញ្ជូន​បាន​ត្រឹម​តែ ២៥០​មេហ្គា​វ៉ាត់ តែ​ប៉ុណ្ណោះ ។ លោក​បាន​បន្ត​ថា​ ហើយ​សំណង់​ថ្មី​នេះ ​ក៏​បាន​ជួយ​បង្កើន​គុណ​ភាព ស្ថិរ​ភាព​ប្រសិទ្ធ​ភាព និង​និរន្ត​ភាព​ក្នុង​ការ​ផ្គត់​ផ្គង់​ថាម​ពល​អគ្គិសនី​ជូន​ប្រជា​ពល​រដ្ឋ​រាប់​លាន​​នាក់ ក្នុង​រាជ​ធានី​ភ្នំពេញ ក៏​ដូច​ជា​ខេត្ត​កណ្តាល និង​កំពង់ស្ពឺ​ផង​នោះ​ដែរ ។

Electricity 29 04 16 3 copy  Electricity 29 04 16 4 copy

Electricity 29 04 16 5 copy  Electricity 29 04 16 6 copy