ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទួលជួបសំដែងការគួរសមពីសំណាក់លោក Takamitsu ASAWA អគ្គនាយករងកិច្ចការវិស្វកម្ម កំពង់ផែ និងកិច្ចការកំពង់ផែនៃក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន


ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសំដែងការគួរសមពីសំណាក់លោក Takamitsu ASAWA អគ្គនាយករងផ្នែកកិច្ចការវិស្វកម្ម កំពង់ផែ និងកិច្ចការកំពង់ផែនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន។

ឯកឧត្ដមទេសរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ASAWA ដែលបានចូលរួមក្នុងសិក្ខាសាលាស្តីពីកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹកក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យMLIT និងអង្គការJICA បន្តបញ្ជូនទីប្រឹក្សាគោលនយោបាយដឹកជញ្ជូន មកក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធEDIកំពង់ផែនៅកម្ពុជា ដើម្បីបញ្ចប់គម្រោងអភិវឌ្ឍស្ថានីយពហុបំណងនៅកំពង់ផែក្រុងព្រះសីហនុ តាមកាលបរិច្ឆេទដែលរំពឹងទុកនៅកំពង់ផែនក្រុងព្រះសីហនុ ដើម្បីសម្រួលដល់គម្រោងថ្មីក្នុងការអភិវឌ្ឍចំណតកុងតឺន័រ ថ្មី តាមការគ្រោងទុក និងដើម្បីជួយដល់MPWT ក្នុងការលើកកំពស់សុវត្ថិភាព និងសន្តិសុខកំពង់ផែក្រុងព្រះសីហនុ តាមរយៈការផ្តល់ប្រព័ន្ធ VTMIS (Vessel Traffic Management Information Service) ។ លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើសុំឱ្យ MLIT និងអង្គការJICA បន្តផ្តល់អ្នកជំនាញផ្នែកគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ ព្រមទាំងបានស្វែងរកលទ្ធភាពដើម្បីជួយកម្ពុជាក្នុងការធ្វើឱ្យប្រសើរដល់សមត្ថភាពគ្រប់គ្រង និងរដ្ឋបាល ដើម្បីបន្តប្រតិបត្តិការចុះបញ្ជីនាវាសញ្ជាតិកម្ពុជានេះ(Flag of Convenience) នៅប្រទេសកម្ពុជាឡើងវិញ។

លោក Asawa បានសម្តែងនូវឆន្ទៈរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ហើយបានកត់សំគាល់នូវសំណើរបស់ឯកឧត្ដមទេសរដ្ឋមន្រ្តី ដើម្បីគាំទ្រនិងលើកកំពស់តួនាទីរបស់កំពង់ផែនៅកម្ពុជា ហើយនឹងពិចារណាលើសំណើផ្សេងទៀតដែលបានលើកឡើងដោយឯកឧត្ដមទេសរដ្ឋមន្ត្រី។