សេចក្តីប្រកាសព័ត៌មាន ស្តីពីវេទិកាធុរកិច្ចកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ២០១៧


នៅថ្ងៃសៅរិ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា​ សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ច រុស្ស៊ី-សិង្ហបុរីនៃសហព័ន្ធរុស្ស៊ី បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Eurasian Economic Union-EAEU) ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកាធុរកិច្ចនេះ ត្រូវបានរៀបចំឡើងក្រោមគណ:អធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ ថាតធីយ៉ាណា វ៉ាឡូវ៉ាយ៉ា (Tatiana VALOVAYA) សមាជិកក្រុមប្រឹក្សាភិបាលសម្រាប់សមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ចនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ,​ អង្គទូតនៃប្រទេសសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងតំណាងវិស័យឯកជន គ្របដណ្តប់លើផ្នែកសំខាន់ៗដូចជា ទេសចរណ៍,​ កសិកម្ម,​ សុខាភិបាល,​ ព័ត៌មានវិទ្យា,​ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងផ្លូវអាកាស,​ សំណង់,​ កាត់ដេរនិងវាយនភ័ណ្ឌ,​ និងតំបន់សេដ្ឋកិច្ចពិសេស សរុបប្រមាណ ១៥០នាក់។

គោលបំណងនៃវេទិកានេះ គឺដើម្បីត្រួសត្រាយផ្លូវដល់អាជីវករ និងវិនិយោគិននៃភាគីទាំងពីរ ក្នុងការស្វែងរកឱកាសពង្រឹងកិច្ចសហការ និងបង្កើតសម្ព័ន្ធភាពថ្មី ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃភាគីទាំងពីរ។ ការចូលរួមរបស់វិស័យឯកជនរបស់ភាគីទាំងពីរ​ពិតជាមានសារៈសំខាន់​ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចបន្ថែមទៀត ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគឲ្យកាន់តែទូលំទូលាយ ជាពិសេសគាំទ្រក្នុងការបើកទីផ្សារថ្មីៗ តាមរយៈការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (Cambodia-EAEU FTA) ដែលនឹងបង្កើតនូវឱកាសដ៏សម្បូរបែប​ សម្រាប់វិស័យឯកជននៅក្នុងប្រទេសកម្ពុជា និងប្រទេសដែលជាសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។