សម្តេចតេជោសែនអំពាវនាវការរក្សាទឹកទុក


HS Calling 02 05 16 copy

     សម្តេច​អគ្គ​មហា​សេនា​បតី​តេជា ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី បាន​អំពាវ​នាវ​ការ​រក្សា​ទឹក​ទុក​ ពេល​ដែល​ទឹក​ភ្លៀង​ត្រូវ​គេ​ឃើញ​បាន​ចាប់​ផ្តើម​ធ្លាក់​តាម​បណ្តា​ខេត្ត​នានា ។ សេចក្តី​រាយ​ការណ៍​តាម​បណ្តា​ខេត្ត​នានា​បាន​ឱ្យ​ដឹង​ថា ភ្លៀង​បាន​ចាប់​ផ្តើម​ធ្លាក់​តាម​កន្លែង​មួយ​ចំនួន​តាំង​ពី​យប់​មិញ​នោះ​មក ដែល​បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​ខ្វះ​ទឹក មាន​សេចក្តី​ត្រេក​អរ​សា​ឡើង​វិញ​។

     សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​ក្នុង​ហ្វេស​ប៊ុក ស្នើ​ប្រជា​ពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ត្រង​ទឹក​ភ្លៀង​ទុក​សម្រាប់​ប្រើ​ប្រាស់ ។ សម្តេច​ក៏​បាន​អំពាវ​នាវ​ដល់​កម្លាំង​អន្តរា​គមន៍ ដោយ​ក្រៅ​ពី​ការ​ដឹក​ទឹក ឬ​បូម​ទឹក​ជូន​ប្រជា​ជន​ប្រើ​ប្រាស់ គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ជីក​ស្រះ ស្តារ​ស្រះ​ទឹក ស្តារ​ប្រឡាយ​ទឹក ជីក​អណ្តូង ស្តារ​អណ្តូង​ទឹក ដើម្បី​ឱ្យ​ប្រជា​ជន​មាន​ទឹក​ប្រើ​ប្រាស់​ជា​ប្រចាំ​ ។

     សូម​ជំរាប​ថា កម្ពុជា​ក្នុង​ឆ្នាំ​នេះ​ ក៏ដូច​ជា​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​អាស៊ី​ខាង​កើត បាន​រង​នូវ​បាតុ​ភូត​កំដៅ​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ ក្នុង​រយៈ​ពេល​ជាង​មួយ​រយ​ឆ្នាំ​កន្លង​មក​នេះ ដោយ​បាន​ធ្វើ​ឱ្យ​បឹង ស្ទឹង ទន្លេ មាន​ការ​រីង និង​រាក់ ។ សត្វ​ត្រី និង​សត្វ​ពាហនៈ ត្រូវ​គេ​រាយ​ការណ៍​ស្លាប់​ក្នុង​ទំហំ​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ​នេះ ។

     សម្តេច​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ប្រសាសន៍​តាម​ហ្វេស​ប៊ុក បាន​ថ្លែង​ប្រៀប​ធៀប​ថា គ្រោះ​មហន្ត​រាយ​រាំង​ស្ងួត​ឆ្នាំ​នេះ បាន​ផ្តល់​មេរៀន​ឱ្យ​ច្រើន ដោយ​មិន​ខុស​ពី​ទឹក​ជំនន់​ដែល​ធ្លាប់​កើត​មាន​កាល​ពី​ឆ្នាំ ២០០០ ក្នុង​កម្ពុជា​នោះ​ឡើយ ។

     សេចក្តី​រាយ​ការណ៍​របស់​ក្រសួង​ធន​ធាន​ទឹក​នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​ថា តំបន់​ខ្លះ​ក្នុង​ខេត្ត​ចំនួន​១២ បាន​ទទួល​ទឹក​ភ្លៀង​ធ្លាក់​តិច ទៅ​មធ្យម កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា​កន្លង​មក​នេះ ដូច​ជា​ខេត្ត​មណ្ឌល​គីរី… ត្បូង​ឃ្មុំ​… កំពង់​ចាម​… ស្វាយ​រៀង​… ព្រៃវែង​… តាកែវ​… កំពត​… ព្រះ​សីហនុ​… កោះ​កុង​… ព្រះ​វិហារ​… ឧត្តរ​មាន​ជ័យ និង​ខេត្ត​កំពង់​ធំ ។

     តាម​ការ​ព្យា​ករណ៍​ភ្លៀង​នឹង​បន្ត​ធ្លាក់​ថែម​ទៀត​ក្នុងសប្តាហ៍​នេះ ដែល​នឹង​ជួយ​បង្ក​ឱ្យ​មាន​ទឹក​ខ្លះ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​ខ្វះ​ខាត​នោះ​ផង​ដែរ ។