ស្ថានទូតកម្ពុជាសូមអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ពុងបំពេញការងារដោយកម្លាំងសូមយកចិត្តទុកដាក់ថែរក្សាការពារសុខភាពដ៏មានតម្លៃរបស់បងប្អូន


ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការចូលរួមចំណែកការពារទប់ស្កាត់នូវហានិភ័យផ្សេងៗដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរយើង នៅថៃ្ងអាទិត្យ ទី១៧ ខែ ធ្នូ ឆ្នាំ២០១៧ នេះស្ថានឯកអគ្គរាជទូត បានសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) និងសហគមន៍ខ្មែរទីក្រុងក្វាងជូតូច រៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មូលនិធិចុះពិនិត្យព្យាបាល សុខភាពទូទៅ ពិនិត្យបេះដូង ចាក់វ៉ាក់សាំងការពារផ្ដាសាយ និងថតX-Ray ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន ១២៥នាក់ នៅមជ្ឈមណ្ឌលស្នាក់អាស្រ័យពលករបរទេសទីក្រុងក្វាងជូតូច។

នេះជាលើកទី៧ហើយដែលក្រុមការងារស្ថានទូតបានសម្របសម្រួល និងបង្ករលក្ខណៈជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មូលនិធិដើម្បីចុះពិនិត្យ ព្យបាលជម្ងឺ ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីបានចុះអនុស្សារណៈយោគយល់គ្នារវាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយនឹងមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ។ ទន្ទឹមនេះដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋបន្ថែមទៀតស្ថានទូតបាននឹងកំពុងស្វែងរកកិច្ចសហការជាមួយនឹងបណ្ដាសមាគមគ្រូពេទ្យស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីផ្ដល់សេវាពិនិត្យ និងព្យាបាលជម្ងឺឲ្យកាន់តែទូលំទូលាយ និងទាន់ពេលវេលា។

ស្ថានទូតសូមបន្ដលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករដែលបាននឹងកំពុងបំពេញការងារដោយកម្លាំងសូមបន្ដយកចិត្តទុកដាក់ថែរក្សាការពារសុខភាពដ៏មានតម្លៃរបស់បងប្អូននឹងចូលរួមផ្សព្វផ្សាយដល់មិត្តភ័ក្ដបងប្អូនដើម្បីជៀសវាងកុំឲ្យមានហានិភ័យប៉ះពាល់ដល់អាយុជីវិតដ៏មានតម្លៃរបស់បងប្អូន៕