កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៣ ស្ដីអំពីគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត MVRI


នៅព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា សព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណកម្មការ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៣ ស្ដីអំពីគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅសណ្ឋាគារភ្នំពេញ។

សមាសភាពដែលជាសមាជិក នៃគណៈកម្មការសម្របសម្រួលរួមមានមកពី៖ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គស្នងការនគរបានជាតិ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងតំណាងមកពីអង្គការ JICA មួយចំនួនផងដែរ។

គោលបំណងនៃកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៣ គឺដើម្បីពិនិត្យឡើងវិញលើសមិទ្ធផលរបស់គម្រោងមកដល់ពេលនេះ និងដើម្បីទទួលបានការអនុម័តលើសកម្មភាពបន្ទាប់នៅពេលខាងមុខ ដែលពាក់ព័ន្ធទៅនឹងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម និងគោលការណ៍ចុះបញ្ជីនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលបូករួមទាំងប្រព័ន្ធគ្រប់គ្រងឧបករណ៍ ការណែនាំស្តីពីប្រកាស និងគោលការណ៍ណែនាំផ្សេងៗទៀត ។ល។

ចំនួនរថយន្ត និងម៉ូតូនៅក្នុងប្រទេសកម្ពុជាកំពុងកើនឡើងយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាហេតុធ្វើអោយយើងត្រូវយកចិត្តទុក្ខដាក់ខ្ពស់ លើការគ្រប់គ្រងការចុះបញ្ជីយានយន្ត ផ្ទេកម្មសិទ្ធ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។

គម្រោងរយៈពេល ៣ ឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០១៦ មួយនេះ ត្រូវបានរំពឹងទុកថា នឹងបានចូលរួមចំណែកដល់ការសម្រាលបន្ទុកជូនប្រជាពលរដ្ឋ ចំពោះការទទួលបានសេវាចុះបញ្ជី ផ្ទេកម្មសិទ្ធិ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងផ្តល់លទ្ធភាពក្នុងការប្រើប្រាស់ទិន្នន័យយានយន្តអោយចំគោលដៅជួយដល់វិស័យរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម តូច ចាន់កុសល បានថ្លែងអំណរគុណដល់ JICA ក្នុងការជួយឧបត្ថម្ភ និងគាំទ្រលើវិស័យដឹកជញ្ជូន។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមក្នុងដំណោះស្រាយប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្រោមកិច្ចសហការបច្ចេកទេសជាមួយ JICA។ ចំពោះប្រព័ន្ធចែករំលែកទិន្នន័យរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ នឹងត្រូវរៀបចំតភ្ជាប់ និងដាក់ឱ្យដំណើរការប្រព័ន្ធ ដើម្បីចូលរួមទប់ស្កាត់ការលួចក្លែងបន្លំឯកសារសាធារណៈ នៅដើមឆ្នាំ២០១៨ ខាងពេលមុខនេះ។