ក្រសួងអប់រំកាត់បន្ថយម៉ោងសិក្សា ដើម្បីទប់ស្កាត់ហានិភ័យកម្តៅ


Educa 03 05 16 2 copy

     ក្រសួងអប់រំបានកាត់បន្ថយ ១ម៉ោង សិក្សាក្នុងមួយថ្ងៃ ដើម្បីទប់ស្កាត់ហានិភ័យ ដែលកើតឡើងមកពីសីតុណ្ហភាព កើនកំដៅក្នុងខែឧសភានេះ ។ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បណ្ឌិត ហង់ ជួនណារ៉ុន បានចេញសេចក្តីប្រកាសមួយថ្ងៃទី២ ឧសភានេះ ណែនាំថា ពេលសិក្សាព្រឹកការចូលរៀននឹងត្រូវចាប់ផ្តើមនៅម៉ោង ៧ព្រឹកនិងចេញនៅម៉ោង ១០កន្លះព្រឹក… ចំណែកពេលល្ងាច ចូលរៀនគឺនៅម៉ោង ១កន្លះរសៀល និងចេញនៅម៉ោង ៥ល្ងាច ។

     សូមជំរាបថា តាមទម្លាប់ធម្មតាសិស្សដែលចូលរៀនម៉ោង ៧ព្រឹក ត្រូវចេញនៅម៉ោង១១ មុនថ្ងៃត្រង់… ចំណែកពេលល្ងាចចូលម៉ោង ១រសៀល និងចេញនៅម៉ោង ៥ល្ងាច ។ ឯកឧត្តមរដ្ឋមន្ត្រីបានសរសេរថា ការកាត់បន្ថយនេះ គឺក្នុងស្ថានភាពដែលកម្តៅនៅតាមតំបន់ខ្លះ បានកើនខ្ពស់រហូតដល់៤២ ឬ៤៣អង្សាសេ ។ ក្រៅពីការកាត់បន្ថយម៉ោងសិក្សា ក្រសួងអប់រំនៅបានណែនាំគ្រប់សាលា ត្រូវត្រៀមទឹកសម្រាប់គ្រូ-សិស្ស បានប្រើប្រាស់ និងណែនាំឲ្យសិស្សយកទឹកឆ្អិនមកទទួលទាន… និងក្នុងមួយម៉ោងសិក្សាត្រូវឲ្យសិស្សឈប់សម្រាក ឬចេញលេងរយ:ពេល ១៥នាទី… និងត្រូវបើកទ្វារបង្អូចបន្ទប់នៅពេលរៀន ដើម្បីឲ្យស្រឡះល្អ និងឲ្យសិស្សលេងក្នុងម្លប់ផងដែរ ។

     ក្រសួងអប់រំនៅបានណែនាំបុគ្គលិកសិក្សា ត្រូវធ្វើរបាយការណ៍បូកសរុបប្រចាំខែ ពីស្ថានភាពសិក្សាក្នុងរយៈពេលឡើងកម្ដៅ និងរបាយការណ៍ពិសេសក្នុងករណីមានប្រធានសក្តិ រួចផ្ញើជូនតាមឋានានុក្រមដើម្បីស្នើសុំអន្តរាគមន៍ ។ សេចក្តីជូនដំណឹងបានបញ្ជាក់ចុងក្រោយថា ក្នុងករណីមានរលកកម្ដៅលើសប្រក្រតី ត្រូវទាក់ទងការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីសុំគោលការណ៍ និងមានវិធានការដោះស្រាយ ។