ក្រុមអ្នកអភិរក្សរកឃើញសំបុកកន្ធាយក្បាលកង្កែបលើកដំបូងនៅតាមទន្លេ មេគង្គក្នុងខេត្ដក្រចេះ និងខេត្ដស្ទឹងត្រែង


អង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជាហៅកាត់ថា(WCS) បានអះអាងថា ក្រុមអ្នកអភិរក្ស នៃរដ្ឋបាលជលផល អង្គការ WCS និងប្រជាសហគមន៍ បានរកឃើញសំបុកពងកូនសត្វ កន្ធាយក្បាល កង្កែបចំនួន១សំបុក ជាលើកដំបូងនៅក្នុងរដូវកាលពង កូនឆ្នាំនេះនៅឆ្នេរខ្សាច់ ដងទន្លេមេគង្គចន្លោះខេត្តក្រចេះ និងខេត្ដស្ទឹងត្រែង ដែលជាទីកន្លែងពងកូនតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។

នេះបើតាមសេចក្ដីប្រកាសព័ត៌ មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សសត្វអណ្តើករបស់អង្គការ WCS បាននិយាយថា ចាប់ពីឥឡូវនេះ រហូតដល់ខែមិថុនាឆ្នាំ២០១៨ គឺជាកំឡុងពេល ដែល សត្វកន្ធាយក្បាលកង្កែបពងកូន ហើយនេះគឺជាសំបុកទី១ដែលបានរកឃើញនៅក្នុងឆ្នាំនេះ។

លោកបានបញ្ជាក់ថា ក្រុមការងារនឹងធ្វើការរួមគ្នាជាមួយរដ្ឋបាលជលផល និងប្រជាសហគមន៍សម្រាប់ស្វែងរកសំបុកបន្ថែមទៀតនៅតាមដងទន្លេមេគង្គ ដើម្បីការពារពួកវាពីការ ប្រមូលយកពងកូនជាដើម។

លោកបានអះអាងថា កន្ធាយក្បាលកង្កែប គឺជាប្រភេទដ៏កម្រ ដែលអាចនឹង ផុតពូជ នៅក្នុងពេលអនាគត ប្រសិនបើមិនមានវិធាន អភិរក្សពួកវាឱ្យបានសមស្របទេ ហើយ ពួកវា មិនមានច្រើនក្បាលទេ ដែលរស់នៅក្នុងធម្មជាតិ។

ជាមួយគ្នានេះ សំបុកកន្ធាយក្បាលកង្កែប ត្រូវបានប្រជាសហគមន៍ការពារ រហូតដល់ ពងកន្ធាយទាំងអស់នោះញាស់ ហើយកូនកន្ធាយនឹងត្រូវលែងឱ្យទៅរស់នៅក្នុងទន្លេវិញ។ សត្វកន្ធាយ ក្បាលកង្កែប (ឬរមិច) ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរង គ្រោះជិតផុតពូជ នៅលើសកលលោក។

ពួកវាត្រូវបាន គេគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០៧ ពួកវាត្រូវបានគេរកឃើញម្តងទៀត នៅក្នុងបរិវេណ ៤៨ គីឡូម៉ែត្រនៅ ដងទន្លេ មេគង្គចន្លោះខេត្តក្រចេះ និងខេត្ដស្ទឹងត្រែង ។