កិច្ចប្រជុំពិភាក្សាការងារស្តីពីពិនិត្យលើសកម្មភាព របស់គម្រោងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប ក្រៅពីតំបន់ប្រាសាទបុរាណ


នៅរសៀលថ្ងៃ ពុធ ០៣ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ គ.ស ២០១៧ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារស្តីពីការពិនិត្យលើសកម្មភាព របស់គម្រោងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប ក្រៅពីប្រាសាទ នៅសាលាខេត្តសៀមរាប។

សូមបញ្ជាក់ថា តាមរយៈគម្រោង GIZ ខេត្តត្រូវស្វែងរកសក្តានុពលទេសចរណ៍នានាក្រៅពីប្រាសាទបុរាណ របស់បណ្តាក្រុង ស្រុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសដើម្បីជួយលើកស្ទួយជីវភាពគ្រួសារប្រជាពលរដ្ឋដោយផ្ទាល់ និងដោយ ប្រយោល ពីសក្តានុពលទាំងនោះ។

ជាមួយនឹងការរៀបចំគម្រោងនេះ អង្គប្រជុំបានកំណត់នូវតំបន់ទេសចរណ៍មួយចំនួន ដែលនឹងត្រូវបោះពុម្ពក្នុងផែនទីសម្រាប់គោលដៅទេសចរណ៍ក្រៅពីប្រាសាទដែលមានតំបន់។ ម្យ៉ាងទៀតអង្គប្រជុំក៏បានសង្កត់ធ្ងន់ថា សហគមន៍ដែលបានបង្កើតតំបន់ទេសចរណ៍នេះ ត្រូវសំអាតនូវអនាម័យបរិស្ថានក្នុងសហគន៍របស់ខ្លួនអោយបានស្អាត និងមានអនាម័យ ដើម្បីអោយមានការទាក់ទាញបន្ថែមទៀត។

អង្គប្រជុំបានធ្វើការអនុម័តលើផែនទីគោលដៅទេចរណ៍សៀមរាបក្រៅពីប្រាសាទ (ផែនទីផ្នត់) ដើម្បីបោះពុម្ពដាក់អោយប្រើប្រាស់ជាផ្លូវការដល់ទេសចរណ៍ជាតិ និងអន្តរជាតិ។ ក្រៅពីការបោះពុម្ពផែនទីនេះ គម្រោងក៏មានវេបសាយមួយផងដែរដោយមានឈ្មោះថា www.visitsiemreap.com.kh ដែលនឹងដាក់អោយប្រើប្រាស់ជាផ្លូវការនៅចុងខែមករា ឆ្នាំ២០១៨ខាងមុខនេះ៕